(បរទេស)៖ អ្នកដំណើរមួយចំនួននៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) បានបង្ហាញមន្ទិលសង្ស័យចំពោះភាពមិនគួរឲ្យទុកចិត្តបាន នៃការធ្វើតេស្តរកមើលមេរោគ COVID-19 របស់ម៉ាឡេស៊ី ដែលកន្លងមកបានអះអាងអំពីការរកឃើញមេរោគនេះ (វិជ្ជមាន) ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកម្នាក់ ដែលជាអ្នកដំណើរបានចាកចេញពីនាវា Westerdam ប៉ុន្តែមិនដល់មួយសប្តាហ៍ផង ស្រាប់ប្រកាសថា គាត់លែងមានផ្ទុក COVID-19 ទៀតហើយ (អវិជ្ជមាន)។ ជុំវិញរឿងរ៉ាវនេះ អ្នកដំណើរផ្សេងៗទៀតនៃនាវា Westerdam បានលើកថា «ការធ្វើតេស្តមិនច្បាស់ការរបស់ម៉ាឡេស៊ី បានបង្កផលប៉ះពាល់ដល់ពួកគេជាខ្លាំង»។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានល្បីរបស់អាមេរិក USA Today នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ស្ទេវ មូតស៍ (Steve Muth) រស់នៅរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក ដែលជាអ្នកបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយគ្រួសារលោក ក៏មានមន្ទិលសង្ស័យផ្ទាល់ខ្លួន ចំពោះការធ្វើតេស្តឃើញវិជ្ជមាននៃមេរោគ COVID-19 ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ ដោយអាជ្ញាធរម៉ាឡេស៊ីផងដែរ គឺមិនខុសពីការសង្ស័យរបស់កម្ពុជាទេ។ ក្នុងសារអ៊ីម៉ែលមួយផ្ញើទៅកាន់សារព័ត៌មាន USA Today លោក Muth បានរៀបរាប់យ៉ាងដូច្នេះថា «អ្នកដំណើរភាគច្រើនរួមទាំងរូបខ្ញុំដែរ មានការសង្ស័យជាខ្លាំង ចំពោះការធ្វើតេស្តពីរលើកដំបូងដែលបង្ហាញថា ស្រ្តីម្នាក់នោះមានផ្ទុកមេរោគ COVID-19»។
លោក Muth បានបន្តថា «ការធ្វើតេស្តមិនច្បាស់ការ ឬអាចនិយាយបានថា ការធ្វើតេស្តចេញលទ្ធផលខុសនេះ បានបង្កការប៉ះពាល់ជាខ្លាំង ដល់អ្នកដំណើរស្លូតត្រង់រាប់រយនាក់របស់កប៉ាល់ Westerdam ដែលរួមមានការត្រូវគេហាមមិនធ្វើដំណើរ តាមជើងយន្តហោះត្រឡប់ទៅផ្ទះវិញ និងការត្រូវប្រឈមនឹងភាពរើសអើងនានាជាដើម»។
រីឯអ្នកដំណើរអាមេរិកម្នាក់ទៀតឈ្មោះថា អ៊ែលលី ឈីបូវស្គី (Elly Chybowski) ដែលបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយស្វាមីឈ្មោះ ធីម៉ូស៊ី (Timothy) បានប្រាប់ថា ពួកគេទាំងពីរដែលត្រូវធ្វើដំណើរចេញពីកម្ពុជា ក្រោយចុះពីលើកប៉ាល់ ឆ្លងកាត់ទីក្រុងតូក្យូរបស់ជប៉ុន និងទីក្រុង ដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ ដើម្បីឆ្ពោះទៅផ្ទះនៅទីក្រុង ម៉ាឌីសុន (Madison) នៃរដ្ឋ វីស្កុនស៊ីន (Wisconsin) ស្រាប់ត្រូវគេលុបសំបុត្រចោលវិញ។ ប្តី-ប្រពន្ធទាំងពីរនាក់ក៏បាន ចំណាយថវិកាផ្ទាល់ខ្លួនរហូតដល់ជាង ៥,០០០ដុល្លារ ដើម្បីកក់ជើងហោះហើរថ្មី ហើយពួកគាត់ទាំងពីរនាក់ក៏បានមកដល់ផ្ទះវិញ កាលពីថ្ងៃពុធសប្តាហ៍នេះ។
ពេលមកដល់ផ្ទះហើយនោះ ពួកគាត់ត្រូវអាជ្ញាធរសុខាភិបាលប្រចាំមូលដ្ឋានទាក់ទងមកថា ពួកគាត់បានរួមតុអាហារជាមួយស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំ ដែលម៉ាឡេស៊ីធ្វើតេស្តរកឃើញ COVID-19 ជាហេតុតម្រូវឲ្យអ្នកតាំងពីរបង្ខាំងខ្លួនឯង នៅក្នុងផ្ទះយ៉ាងតិចមួយសប្តាហ៍ ដើម្បីកាត់បន្ថយលទ្ធភាពនៃការចម្លងមេរោគដល់អ្នកដទៃ ប្រសិនបើពួកគេបានឆ្លង COVID-19។ ប្រការនេះធ្វើឲ្យពួកគាត់មិនអាចទៅបំពេញការងារបានឡើយ ហើយត្រូវធ្វើឲ្យកូនៗគាត់រវល់ នាំយកម្ហូបអាហារមកឲ្យពួកគាត់រាល់ថ្ងៃ។
លោកស្រី Chybowski បានសង្កត់ធ្ងន់ទៀតថា «ការរំខាន ដល់ជីវិតអ្នកដំណើរជាច្រើនមកពីកប៉ាល់ Westerdam ជាពិសេសនោះ គឺដល់ផ្លូវអារម្មណ៍ពួកគេកំឡុងភាពមិនច្បាស់ការ មុនពេលពួកគេបានត្រឡប់មកដល់ផ្ទះវិញនោះ គឺពិតជាមិនអាចវាស់ស្ទង់បាននោះទេ»។
គួរជម្រាបថា យោងតាមការបញ្ជាក់កាលពីយប់ថ្ងៃសុក្រ ពីអ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺរបស់សហរដ្ឋអាមេរិក CDC លោក រីឆាដ ក្វាថារ៉ុន (Richard Quartarone) អ្នកដំណើរទាំងអស់នៃកប៉ាល់ទេសចរណ៍ MS Westerdam គឺត្រូវបានធ្វើតេស្តយ៉ាងល្អិតល្អន់រកមេរោគ COVID-19 ហើយលទ្ធផលពិតជាបានបង្ហាញថា «អវិជ្ជមាន» ដោយក្នុងនោះរួមមានទាំងស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំផងដែរ៕