(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសរសេរលិខិតតបទៅលោក បៀល ហ្គេតស៍ (Bill Gates) វិញ បន្ទាប់ពីកំពូលមហាសេដ្ឋីអាមេរិករូបនេះ បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោកប្រធានាធិបតីចិន ពាក់ព័ន្ធនឹងស្ថានភាពនៃមេរោគ COVID-19 ដែលកំពុងបន្តរាតត្បាតនៅប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
សារលិខិតរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះទង្វើប្រកបដោយក្តីសប្បុរស នៃមូលនិធិ បៀល និង មេលីនដា ហ្គេតស៍ (Bill & Melinda Gates Foundation) ព្រមទាំងលិខិតដែលបង្ហាញអំពីសាមគ្គីភាពរបស់អ្នក ចំពោះប្រជាជនចិននៅក្នុងគ្រាដ៏ចាំបាច់នេះ»។
នៅក្នុងសារលិខិតរបស់លោក Bill Gates មកកាន់ប្រធានាធិបតីចិនបានបញ្ជាក់ថា «នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ មូលនិធិ Bill & Melinda Gates Foundation បានសម្រេចផ្តល់ថវិកា ១០០លានដុល្លារអាមេរិកជាជំនួយសង្គ្រោះបន្ទាន់ដល់ចិន ដែលភាគច្រើននឹងជួយដល់ប្រទេសចិន ដើម្បីជម្រុញការស្រាវជ្រាវ ទប់ស្កាត់ការរាតត្បាតបន្ទាន់ អភិវឌ្ឍថ្នាំព្យាបាល ផលិតវ៉ាក់សាំង និងធ្វើរោគវិនិច្ឆ័យ៕