(តេហេរ៉ង់)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអ៉ីរ៉ង់ ទើបតែបានប្រកាសឲ្យដឹងថា មនុស្ស ០២នាក់បន្ថែមទៀតបានស្លាប់ក្នុងចំណោមអ្នកឆ្លង ១៣ករណីថ្មីៗដែលទើបត្រូវបានរកឃើញ ដែលជាហេតុធ្វើឲ្យមនុស្សស្លាប់សរុប ដោយសារជំងឺឆ្លង COVID-19 នៅប្រទេសមជ្ឈិមបូព៌ាមួយនេះកើនដល់ ០៤នាក់ ក្នុងចំណោមករណីឆ្លងសរុប ១៨ករណី។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់លោក ឃីយ៉ានួស ហ្សាហាន់ភើ (Kianoush Jahanpour) បានបញ្ជាក់តាមរយៈសារបង្ហោះលើគណនី Twitter យ៉ាងដូច្នេះថា «អ្នកឆ្លងមេរោគ COVID-19 សរុប ១៣ករណីថ្មីៗទៀតត្រូវបានរកឃើញ ដោយក្នុងនោះ ០២នាក់បានបាត់បង់ជីវិត»។ កាលពីថ្ងៃពុធកន្លងទៅនេះ អ៉ីរ៉ង់ក៏បានប្រកាសផងដែរ ពីការរកឃើញ មនុស្សស្លាប់ដំបូងចំនួន ០២នាក់ដោយសារមេរោគ COVID-19 និងជាករណីទី ១ សម្រាប់តំបន់មជ្ឈិមបូព៌ាទាំងមូល។
គួរបញ្ជាក់ថា ពេលនេះអ៉ីរ៉ង់បានក្លាយជាប្រទេសទីពីរបន្ទាប់ចិន ដែលមានមនុស្សស្លាប់ច្រើនជាងគេដោយមេរោគ COVID-19។ ដោយឡែកតួលេខដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រនេះ ប្រទេសចិនមានអ្នកស្លាប់សរុបដោយសារជំងឺឆ្លង COVID-19 ចំនួន ២,២៣៦នាក់ និងឆ្លងជិត ៧៦,០០០ករណី ហើយក្នុងនោះក៏មានអ្នកជាសះស្បើយវិញ ១៨,២៦២នាក់ផងដែរ៕