(កង់បេរ៉ា)៖ គណៈកម្មាធិការនាយកនៃផ្នែកការពារសុខភាពអូស្ត្រាលី (Australia Health Protection Principal Committe ឬ AHPPC) បានឱ្យដឹងថា អ្នកដំណើរចេញពីកប៉ាល់ Westerdam មិនចាំបាច់ស្ថិតនៅដាច់ដោយឡែក ពីគេឯងរយៈពេល ១៤ថ្ងៃ ដើម្បីត្រួតពិនិត្យរក COVID-19 នៅពេលត្រឡប់មកដល់ប្រទេសអូស្ត្រាលីវិញនោះទេ។ បច្ចុប្បន្ន អាជ្ញាធរសុខាភិបាលរដ្ឋ និងដែនដីនានានៅទូទាំងប្រទេសអូស្ត្រាលី កំពុងទំនាក់ទំនងទៅកាន់អ្នកដំណើរទាំងអស់ ដើម្បីជូនដំណឹងដល់ពួកគេ អំពីការធ្វើបច្ចុប្បន្នភាពនេះ។
ការសម្រេចចិត្តរបស់អាជ្ញាធរអូស្ត្រាលី AHPPC ជាមួយនិងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC ខាងលើនេះ ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាន នៃការធ្វើតេស្ដដែលមិនបានរកឃើញថា មានអ្នកដំណើរណាម្នាក់បានឆ្លងមេរោគ COVID-19 នោះឡើយលើកលែងតែមួយករណីនៅម៉ាឡេស៊ី។ អាជ្ញាធរកម្ពុជាបានធ្វើតេស្ដលើអ្នកដំណើរលើកប៉ាល់ Westerdam ដែលកំពុងបន្តស្ថិតនៅកម្ពុជា ហើយការធ្វើតេស្ដបង្ហាញថា ពួកគេទាំងអស់គ្នាមិនបានឆ្លង COVID-19 នោះទេមកទល់នឹងបច្ចុប្បន្ន។
គណៈកម្មាធិការការពារសុខភាពអូស្ត្រាលី AHPPC បានសន្និដ្ឋានដូចអាជ្ញាធរសុខាភិបាលអាមេរិកដែរថា អ្នកដំណើរទាំងនេះ មានហានិភ័យទាបក្នុងការឆ្លង COVID-19 ដែលតម្រូវឱ្យលុបចោល ការរឹតត្បិតលើពួកគេ។ វិធានការរឹតត្បិតពីដំបូងឡើយត្រូវបានធ្វើឡើង ដើម្បីការពារសុខភាពសាធារណរបស់ប្រជាជនអូស្ត្រាលី។
ដូច្នេះការសម្រេចចិត្តទាំងអស់របស់យើងកាលពីពេលមុន គឺធ្វើឡើងដោយផ្អែកលើការផ្ដល់អនុសាសន៍ ពីផ្នែកវេជ្ជសាស្ត្រដ៏ល្អប្រសើររួចមកហើយ និងឈរលើការស្វែងយល់អំពីករណីវិជ្ជមានតែមួយគត់ ចេញពីកប៉ាល់នៅពេលនោះតែប៉ុណ្ណោះ។ ចំណែកឯ វិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគេឯង នៅក្នុងប្រទេសអូស្ត្រាលី ដែលត្រូវបានសម្រេចកាលពីលើកដំបូងនោះ គឺគ្រាន់តែជាការទុកពេលសម្រាប់ការធ្វើតេស្តបន្ថែម និងដើម្បីស្វែងយល់ឱ្យបានច្បាស់ពីស្ថានភាពអ្នកដំណើរមកពី Westerdam តែប៉ុណ្ណោះ៕