(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ការបន្តធ្លាក់ចុះនៃចំនួនករណីអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងប្រទេសចិនគឺជាដំណឹងដ៏ល្អ ប៉ុន្តែអង្គការអន្តរជាតិមួយនេះក៏បានព្រមានថា ការឆ្លងនៅតាមប្រទេសដទៃទៀតអាចបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) អគ្គលេខាធិការនៃអង្គការ WHO បាននិយាយដូច្នេះថា «ពួកយើងមានទឹកចិត្តកាន់តែខ្លាំង ដោយសារការបន្តធ្លាក់ចុះនៃតួលេខអ្នកឆ្លងថ្មីៗ នៅក្នុងប្រទេសចិន ក៏ប៉ុន្តែវាមិនមែនជាពេលដែលយើង ត្រូវត្រេកអរពេកហើយធ្វេសប្រហែលនោះឡើយ»។ បើតាមលោក Ghebreyesus គិតមកទល់ពេលនេះ ប្រទេសផ្សេងៗទៀតចំនួន ២៥នាក់ បានរាយការណ៍ពីករណី COVID-19 សរុប ១,០៧៦ករណីមកកាន់អង្គការ WHO។ លោក Ghebreyesus បានកត់សម្គាល់ថា ខណៈតួលេខនេះទាបខ្លាំង បើធៀបជាមួយចំនួនករណីជាង ៧៥,០០០នាក់ នៅក្នុងប្រទេសចិន វាប្រហែលជានៅបែបនេះមិនយូរឡើយ។
គួរជម្រាបថា ការព្រមានពីអង្គការ WHO ធ្វើឡើងស្របពេលករណីឆ្លងមេរោគ COVID-19 នៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងខ្ពស់យ៉ាងគំហុកគឺពី ៣១ករណីទៅដល់ ១៥៦ករណី ក្នុងរយៈពេលតែប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដោយជាង ១០០ករណីថ្មីនោះ គឺប្រមូលផ្តុំនៅទីក្រុង ដេគូ (Daegu) ដែលជាទីក្រុងធំជាងគេលំដាប់ ៤ របស់ប្រទេសកូរ៉េខាងត្បូង។
ប្រៀបធៀបកូរ៉េខាងត្បូងជាមួយជប៉ុនវិញ បើគេមិនគិតចំនួនអ្នកឆ្លងលើកប៉ាល់ ដាយមិនដ៍ ព្រីនសែស (Diamond Princess) នៅជប៉ុនទេនោះ កូរ៉េខាងត្បូងនឹងឈរជាប្រទេសជាប់លេខពីរ ដែលមានករណី COVID-19 ច្រើនជាងគេក្រៅពីប្រទេសចិន មិនមែនជប៉ុននោះឡើយ៕