(ប៉េកាំង)៖ អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនឲ្យដឹងថា អត្រាអ្នកដែលជាសះស្បើយពីជំងឺ COVID-19 នៅតែបន្តស្ថិតនៅខ្ពស់ជាង អត្រាឆ្លងថ្មីៗនៃវីរុសនេះបីថ្ងៃជាប់ៗគ្នាហើយ នៅទូទំាងប្រទេសចិន ដែលនេះជាសញ្ញាដ៏ល្អមួយ ឈានទៅរកការកាត់បន្ថយចំនួនអ្នកឆ្លង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
នារយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកជំងឺសរុប ២,១០៩នាក់បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ ដែលនេះជាចំនួនមួយច្រើនជាង ចំនួនអ្នកដែលបានឆ្លងថ្មីនៅថ្ងៃដដែល ដែលមានត្រឹមតែ ៨៨៩ករណីប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិនដែលបានបញ្ចេញរបាយការណ៍ខាងលើនេះ បានគូសបញ្ជាក់ថា ចំនួនសរុបនៃអ្នកជំងឺដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញមានចំនួន ១៨,២៦៤នាក់ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ដោយឡែកចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ២,២៣៦នាក់ ខណៈអ្នកករណីឆ្លងនៅទូទាំងប្រទេសចិនវិញនោះ ក៏បានកើនឡើងដល់ជាង ៧៥,៤០០នាក់ផងដែរ៕