(វូហាន)៖ អាជ្ញាធរខេត្ត Hubei របស់ប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ បានចេញសេក្តីប្រកាសថា ក្រុមហ៊ុននានាដែលស្ថិតក្នុងខេត្ត Hubei ដែលជាចំណុចផ្ទុះខ្លាំងនៃការរីករាលដាលជំងឺ COVID-19 មិនគួរបើកទ្វារធ្វើ ប្រតិបត្តិការវិញនៅមុនថ្ងៃទី១០ ខែមីនាឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
អាជ្ញាធរខេត្ត Hubei បានគូសបញ្ជាក់ថា ការណែនាំឲ្យធ្វើបែបនេះ គឺស្ថិតក្នុងផ្នែកនៃកិច្ចបន្តប្រឹងប្រែងបង្រ្កាបជំងឺ COVID-19 ដែល បានឈានដល់ដំណាក់កាលយ៉ាងសំខាន់ នៅក្នុងខេត្ត Hubei។ យ៉ាងណាមិញ វាមិនត្រូវអនុវត្តទៅលើក្រុមហ៊ុនណា ដែលចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ព្រមទាំងក្រុមហ៊ុនសំខាន់ៗមួយចំនួនទៀតឡើយ។
រីឯគ្រឹះស្ថានសិក្សាគ្រប់ជាន់ថ្នាក់វិញនៅក្នុងខេត្ត Hubei ក៏ត្រូវបានណែនាំឲ្យបន្តពន្យារពេលចូលសិក្សាវិញដែរ ខណៈអាជ្ញាធរបាន ទទូចឲ្យសាធារណជន កាត់បន្ថយសកម្មភាពនៅខាងក្រៅ ចៀសវាងការប្រមូលផ្តុំតាមទីសាធារណៈ ហើយរក្សាអនាម័យក្នុងផ្ទះ ឲ្យបានស្អាតជានិច្ច។ ចំណែក អ្នកដែលមិនព្រមពាក់ម៉ាសនៅពេលដើរហើរនៅខាងក្រៅ អាចប្រឈមនឹងការដាក់ពិន័យតាមផ្លូវ ច្បាប់។
គួរជម្រាមថា យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិន ចេញផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកស្លាប់ដោយ ជំងឺ COVID-19 នៅតាមខេត្ត-តំបន់ចំនួន៣១នៃប្រទេសចិន (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានកើនដល់២,១១៨នាក់ និង ឆ្លងដល់៧៤,៥៧៦នាក់ ខណៈតួលេខភាគច្រើនគឺនៅក្នុងខេត្ត Hubei៕