(សេអ៊ូល)៖ អភិបាលក្រុងដេគូ (Daegu) របស់ប្រទេសកូរ៉េខាងត្បូង បានទទូចដល់ប្រជាជនក្នុងក្រុងដែលមានចំនួន ២.៥លាននាក់ ផ្អាកការធ្វើដំណើរចេញទៅក្រៅក្រុង ដើម្បីបង្ការកុំឲ្យឆ្លងមេរោគ COVID-19 ខណៈអ្នកជំងឺម្នាក់ដំបូងហើយបានស្លាប់នៅកូរ៉េខាងត្បូង និងអ្នកឆ្លងកើនដល់ ១០៤ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC News នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
អភិបាលក្រុង Daegu លោក ក្វុន យាំងជីន (Kwon Young-jin) បានធ្វើការអំពាវនាវដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបណ្តាទីក្រុងមួយចំនួនក្បែរៗទីក្រុង Daegu បានរាយការណ៍ពីករណីឆ្លងថ្មីៗរាប់សិបករណីបន្ថែមទៀត នៅក្នុងថ្ងៃព្រហស្បតិ៍នេះ រួមទាំងនៅក្នុង Daegu ផងដែរ។
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា មនុស្ស ២៨នាក់ក្នុងចំណោម អ្នកឆ្លងមេរោគ COVID-19 ថ្មីៗសរុប ៣៥នាក់នៅក្នុងថ្ងៃព្រហស្បតិ៍នេះ គឺពួកគេធ្លាប់មានប្រវត្តិចូលរួមក្នុងពិធីសាសនា នៅព្រះវិហារគ្រិស្តមួយដែលអ្នកជំងឺ COVID-19 ម្នាក់ក៏ត្រូវបានគេដឹងថា ក៏ធ្លាប់ទៅកាន់ទីនោះពីមុនមកផងដែរ។ ទីក្រុង Daegu ស្ថិតនៅក្នុងខេត្តគ្យុងសាងខាងជើង ( North Gyeongsang) នៃភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា បច្ចុប្បន្នជំងឺឆ្លង COVID-19 បានផ្តាច់ជីវិតមនុស្សម្នាក់ នៅកូរ៉េខាងត្បូង និងការឆ្លងវិញបានកើនឡើងដល់ ១០៤ករណី។ ក្រៅពីចិនដីគោក ប្រទេសជប៉ុន អ៉ីរ៉ង់ បារាំង កោះតៃវ៉ាន់ ហុងកុង និងហ្វលីពីនជាដើមក៏បានអះអាងពីករណីស្លាប់ ដោយសារមេរោគឆ្លង COVID-19 ផងដែរ ហើយពេលនេះ គឺបូកថែមកូរ៉េខាងត្បូងមួយទៀត៕