(ប៉េកាំង)៖ ប្រមុខការទូតចិនលោក វ៉ាង យី (Wang Yi) បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការទប់ស្កាត់ សន្ទុះរីករាលដាលនៃវីរុសថ្មី COVID-19 កំពុងតែមានប្រសិទ្ធភាពហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេស ជាមួយបណ្តាប្រទេសអាស៊ានទាំង ១០ នៅឯទីក្រុងវៀងច័ន្ទប្រទេសឡាវនាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះ លោក វ៉ាង យី បានប្រាប់អង្គប្រជុំទាំងមូលថា ការរាតត្បាតនៃមេរោគឆ្លង COVID-19 គឺជារឿងដែលអាចគ្រប់គ្រង និងព្យាបាលបាន បើទោះបីជាពិភពលោកទាំងមូល កំពុងតែមានការភិតភ័យបន្តិចក៏ដោយ។ ប្រធានក្រុមប្រឹក្សារដ្ឋចិនរូបនេះបានបន្ថែមថា ប្រទេសចិនមិនត្រឹមតែកំពុងប្រយុទ្ធ ដើម្បីការពារប្រជាជនរបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងការពារពិភពលោកទាំងមូលផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំដែលត្រូវបានរៀបចំឡើង យ៉ាងឆាប់រហ័សដូចខាងលើនេះ ត្រូវបានអ្នកជំនាញមើលឃើញថា កើតឡើងនៅចំពេលដែលបណ្តាប្រទេស នៅក្នុងតំបន់អាស៊ានដែលពឹងផ្អែកលើការជួញដូរទំនិញ និងលំហូរភ្ញៀវទេសចរពីប្រទេសចិននោះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចជាបណ្តើរៗ ក្រោយពីមានការវិធានការរឹតបន្តឹងលើចរាចរណ៍ចេញចូលប្រទេសចិន ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19។ កិច្ចប្រជុំស្រដៀងគ្នានេះ ក៏ធ្លាប់ត្រូវបាន រៀបចំឡើងម្តងដែរកាលពីឆ្នាំ២០០៣ បន្ទាប់ពីជំងឺ SARS ផ្ទុះឡើង៕