(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ចង់លើកលែងទោសឱ្យស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange បើសិនជាលោកព្រមនិយាយ តែមួយម៉ាត់ថា រុស្ស៊ីមិនបានលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់សាក្សីម្នាក់ គឺអតីតសមាជិកសភាតំណាងរាស្ត្រមកពី គណបក្សសាធារណរដ្ឋ លោក Dana Rohrabacher ដែលធ្លាប់ទៅសួរសុខទុក្ខលោក Assange កាលពីឆ្នាំ២០១៧។ សេចក្ដីថ្លែងការណ៍ដដែល បញ្ជាក់ទៀតថាលោក Assange នឹងទទួលបាន ការលើកលែងទោសពីលោក ដូណាល់ ត្រាំ នៅក្នុងករណីដែលស្ថាបនិក WikiLeaks រូបនេះព្រមនិយាយថា រុស្ស៊ីមិនបានចូលរួមក្នុងការទម្លាយរឿងអាស្រូវលេចធ្លាយសារ អេឡិចត្រូនិច ឬ E-mail របស់គណបក្សប្រជាធិបតេយ្យ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាអតីតគូប្រជែងរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ទេនោះ។
ប៉ុន្តែ អ្នកនាំពាក្យសេតវិមាន លោកស្រី Stephanie Grisham បានទាត់ចោលព័ត៌មាននេះ ដោយលើកឡើងដូច្នេះថា៖ «លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្គាល់លោក Dana Rohrabacher ត្រឹមតែជាអតីតសមាជិកសភាតំណាងរាស្ត្រម្នាក់តែប៉ុណ្ណោះ ហើយលោកមិនដែលបាននិយាយប្រាប់លោក Rohrabacher ពីរឿងលើកលែងទោសអ្វីនោះទេ ...ដូច្នេះការអះអាងទំាងនោះគឺជារឿងប្រឌិតទាំងស្រុង»។
គួរជម្រាបថា លោក Julian Assange មានវ័យ៤៨ឆ្នាំ កំពុងជាប់ឃុំក្នុងពន្ធនាគារនៅចក្រភពអង់គ្លេស បន្ទាប់ពីប៉ូលិសអង់គ្លេស ចូលទៅចាប់ខ្លួនរូបលោកចេញពីស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ កាលពីខែមេសា ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីស្ថានទូត។ បច្ចុប្បន្ន លោកកំពុងប្រឈមមុខនឹងការធ្វើបត្យាប័ន ទៅកាន់សហរដ្ឋអាមេរិកជាទីដែល លោកអាចនឹងត្រូវបានគេកាត់ទោសដាក់ពន្ធនាគាររបស់សិបឆ្នាំ ពីបទចោទប្រកាន់ចំនួន១៨បទចោទ ក្នុងនោះរួមមានទាំងការវាយប្រហារព័ត៌មានវិទ្យាលើកុំព្យូទ័របស់រដ្ឋាភិបាល និងរំលោភលើច្បាប់ស៊ើបការណ៍សំងាត់អាមេរិក៕