(បាងកក)៖ ក្រសួងការបរទេសថៃនាថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មានជនជាតិថៃ៣នាក់ដែលស្ថិតនៅលើកប៉ាល់ទេសចរណ៍ Diamond Princess ក្នុងប្រទេសជប៉ុន បានឆ្លង COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Cherdkiat Attakorn បាននិយាយថា ជនជាតិថៃ៣នាក់ ក្នុងនោះអ្នកដំណើរម្នាក់ និងអ្នកបម្រើការលើកប៉ាល់ពីរនាក់ កំពុងតែទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសជប៉ុន ក្រោយឆ្លង COVID-19 នៅលើកប៉ាល់ Diamond Princess ខណៈសុខភាពពួកគេស្ថិតក្នុងសភាពនឹងនរ។ អ្នកទាំង៣ ត្រូវបានអាជ្ញាធរជប៉ុនបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅពេលពួកគេបង្ហាញរោគសញ្ញាសង្ស័យ មុនពេលការធ្វើតេស្តរកវីរុសបង្ហាញលទ្ធផលទៅទៀត។
បើតាមលោក Cherdkiat មានអ្នកដំណើរពីរនាក់ និងបុគ្គលិកកប៉ាល់ចំនួន២៣នាក់ ដែលជាជនជាតិថៃ នៅលើកប៉ាល់ទេសចរណ៍ Diamond Princess។ សម្រាប់អ្នកដំណើរម្នាក់ទៀតវិញ ត្រូវបានធ្វើតេស្តឃើញថា មិនមានផ្ទុក COVID-19 ឡើយ ដោយគាត់បានចុះពីលើកប៉ាល់ និងត្រៀមធ្វើដំណើរត្រឡប់មកកាន់ប្រទេសថៃវិញក្នុងពេលឆាប់ៗ។ រីឯបុគ្គលិកកប៉ាល់ជនជាតិថៃទាំង២១នាក់ កំពុងបន្តធ្វើការនៅលើកប៉ាល់នោះដដែល។
គួរជម្រាបថា ក្នុងចំណោមមនុស្សចន្លោះ៣,៦០០-៣,៧០០នាក់ នៅលើកប៉ាល់ Diamond Princess មានជាង៦០០នាក់បានឆ្លង COVID-19 និងកំពុងទទួលការព្យាបាលនៅប្រទេសជប៉ុន ខណៈមានពីរនាក់បាត់បង់ជីវិត។ កាលពីពុធសប្តាហ៍នេះ អាជ្ញាធរជប៉ុនបានចាប់ផ្តើមអនុញ្ញាតឲ្យ អ្នកណាដែលពិនិត្យឃើញថាពុំមាន COVID-19 ចុះពីលើកប៉ាល់បាន ក្រោយត្រូវស្ថិតនៅលើនោះតាំងតែពីថ្ងៃទី០៣ ខែកុម្ភៈមក៕