(តេហេរ៉ង់)៖ មនុស្សពីរនាក់ដែលត្រូវបានគេពិនិត្យរកឃើញថា បានឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់នោះបានទទួលមរណភាពហើយ ដែលនេះគឺជាករណីស្លាប់ ដោយសារជំងឺនេះជាលើកដំបូងបំផុតនៅអ៉ីរ៉ង់ និងនៅតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមប្រភពពីក្រសួងសុខាភិបាលអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលអ៉ីរ៉ង់ អ្នកជំងឺទាំងពីរនាក់ខាងលើដែលស្លាប់គឺជាពលរដ្ឋអ៉ីរ៉ង់ និងជាអ្នករស់នៅក្នុងទីក្រុង កុម (Qom) នៃភាគខាងត្បូងទីក្រុងតេហេរ៉ង់។ ដោយឡែកទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ក៏បានបញ្ជាក់ដោយស្រង់សម្ដីពីអ្នកនាំពាក្យ ក្រសួងសុខាភិបាលអ៉ីរ៉ង់លោក គីយ៉ាណួស ហ្សាហាភួ (Kianoush Jahanpour) ដែរថា អ្នកជំងឺទាំងពីរនាក់នេះគឺជាមនុស្សវ័យចំណាស់ និងមានបញ្ហាផ្នែកប្រព័ន្ធភាពសុំានៃរាងកាយស្រាប់។ នេះគឺជាករណីស្លាប់ដោយសារមេរោគ COVID-19 ជាលើកដំបូងបំផុតនៅអ៉ីរ៉ង់ និងនៅតំបន់មជ្ឈិមបូព៌ាទាំងមូល។
គួរជម្រាបថា បើតាមការសិក្សារបស់អ្នកស្រាវជ្រាវចិន មនុស្សចំណាស់ៗមានអាយុ ៨០ឆ្នាំ ឬចាស់ជាងនេះអាចនឹងប្រឈមមុខខ្ពស់ទៅនឹងការស្លាប់ ក្នុងអាត្រាដល់ទៅ ១៤.៨ភាគរយ ហើយអ្នកដែលមានជំងឺធ្ងន់ធ្ងរស្រាប់ដូចជាជំងឺបេះដូង ទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងសម្ពាធឈាមខ្ពស់ ក៏អាចប្រឈមមុខនឹងការស្លាប់ខ្ពស់ផងដែរ នៅក្រោយពេលពួកគេឆ្លងមេរោគកូរ៉ូណាថ្មីចូលទៅក្នុងខ្លួន៕