(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលស្គាល់ការឆ្លង COVID-19 ៣១ករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះនៅទូទាំងប្រទេស កើន ដល់៨២នាក់។ នេះបើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង (KCDC) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន២៣ករណី ត្រូវបានរកឃើញនៅក្នុងចំណោមមនុស្សដែលបានចូលរួមក្នុងពិធីសាសនា នៅឯវិហារគ្រឹស្ត Shincheonji Church ស្ថិតនៅទីក្រុង Daegu។ ម្យ៉ាងវិញទៀត មនុស្ស១៥នាក់ នៃអ្នកឆ្លង COVID-19 ទាំង៣១នាក់ ក៏ត្រូវបានគេជឿជាក់ដែរថាមានទំនាក់ទំនងជាមួយស្ត្រីម្នាក់មានអាយុ៦១ឆ្នាំ ដែលត្រួវបានគេធ្វើតេស្ដថាបានឆ្លង COVID-19 ផងដែរ។
គួរជម្រាបថា អាជ្ញាធរសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់២,១១២នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់៧៤,៥០០នាក់៕