(កាលីហ្វ័រញ៉ា)៖ ប៉ូលិសអាមេរិក បានឱ្យដឹងថាបុរសបីនាក់ ត្រូវបានគេសម្លាប់ដោយប្រើប្រាស់វិធីសាស្ត្រប្រហារជីវិត ក្នុងពេលតែមួយ នៅឯទីបញ្ចុះសពមួយ កន្លែងស្ថិតភាគខាងត្បូង រដ្ឋកាលីហ្វ័រ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមប៉ូលិសអាមេរិក ជនរងគ្រោះទាំងបីនាក់ខាងលើមានឈ្មោះថា Jaime Covarrubias Espindola (អាយុ៥០ឆ្នាំ), Jose Maria Aguilar-Espejel (អាយុ៣៨ ឆ្នាំ) និង Rodrigo Aguilar-Espejel (អាយុ២៨ឆ្នាំ)។ ពួកគេត្រូវបានសម្លាប់ក្នុងពេលជាមួយគ្នា ហើយសាកសពត្រូវបានគេប្រទះឃើញនៅទីបញ្ចុះសព Perris Valley កាលពីថ្ងៃចន្ទកន្លងទៅ។
មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតអ្វីបន្ថែមលើពីនេះនោះទេ ប៉ុន្តែនៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើនេះគឺជាសម្លាប់ដោយប្រើប្រាស់ វិធីសាស្ត្រប្រហារជីវិត ឬក៏យ៉ាងណា ប៉ូលិសអាមេរិកនៅក្នុងតំបន់អះអាងថាវាទំនងជាអាចទៅរួច ខណៈការសង្កេតមួយកំពុងធ្វើឡើងកំពុងផ្តោតសំខាន់លើក្រុមជនពាល និងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន៕