(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃទីពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២,០០៤នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ ៧៤,១៨៥នាក់។

 

២៖ រោងចក្រសហគ្រាសធំៗរបស់ចិន កំពុងចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើៗហើយ ខណៈរដ្ឋបាលក្នុងតំបន់បានជំរុញឲ្យរោងចក្រទាំងនោះ ចាប់ផ្តើមផលិតកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានផ្អាកអស់ជាច្រើនសប្តាហ៍ ដោយសារតែការផ្ទុះ និងរាតត្បាតនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។

 

៣៖ អាជ្ញាធរជប៉ុនបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅលើកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) បានកើនឡើងដល់ ៦២១នាក់ហើយ ក្រោយពីការធ្វើតេស្តនៅក្នុងថ្ងៃពុធនេះ បានរកឃើញអ្នកផ្ទុកថ្មីសរុប ៧៩នាក់ទៀត។

 

៤៖ ក្រុមហ៊ុនអវកាស SpaceX នៅសហរដ្ឋអាមេរិក ទើបតែសម្រេចបានកិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ជូនក្រុមអ្នកទេសចរ ឡើងទៅទីអវកាស តាមរយៈយានអវកាស Crew Dragon ឬយាននាគ។

 

៥៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ១៧ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះ រួមមានទាំងការទទួលសំណូក និងរំលោភអំណាចពាក់ព័ន្ធនឹងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ដ DAS ដែលជាកម្មសិទ្ធិនៃបងប្រុសរបស់លោក។

 

៦៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា ករណីថ្មីនៃការឆ្លងមេរោគកូរ៉ូណាថ្មីនៅប្រទេសអាស៊ីខាងកើតនេះ បានកើនឡើងដល់ទៅ២០ករណីបន្ថែមទៀត សម្រាប់ថ្ងៃពុធនេះ៕