(តូក្យូ)៖ អាជ្ញាធរជប៉ុនបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅលើកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) បានកើនឡើងដល់ ៦២១នាក់ហើយ ក្រោយពីការធ្វើតេស្តនៅក្នុងថ្ងៃពុធនេះ បានរកឃើញអ្នកផ្ទុកថ្មីសរុប ៧៩នាក់ទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
តួលេខថ្មីខាងលើនេះ ត្រូវបានបញ្ចេញស្របពេលដែលអ្នកដំណើរ និងបុគ្គលិក សរុបចំនួន ៥០០នាក់ត្រូវបានអាជ្ញាធរជប៉ុន អនុញ្ញាតឲ្យចាកចេញពីកប៉ាល់ Diamond Princess ក្រោយពីការធ្វើតេស្ត និងតាមដានអស់រយៈពេល ១៤ថ្ងៃមកនេះ ក្រុមជំនាញមិនបានរកឃើញវីរុស COVID-19 នៅក្នុងខ្លួនពួកគេនោះឡើយ។
គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងថ្មីដែលត្រូវបានរកឃើញនៅលើកប៉ាល់ ដែលកំពុងចតនៅកំពង់ផែ ទីក្រុងយ៉ូកូហាម៉ា (Yokohama) របស់ជប៉ុនខាងលើនេះ គឺនៅធ្វើឲ្យជប៉ុនបន្តឈរលេខរៀងទី ២ ជាប្រទេសមានអ្នកឆ្លងវីរុស COVID-19 ច្រើនជាងគេបំផុតលើលោករហូតដល់ទៅជិត ៧០០ករណី។ នៅចិនឯណោះវិញ បើតាមរបាយការណ៍ចុងក្រោយ មនុស្សសរុប ២,០០៤នាក់ហើយ បានស្លាប់ និងជាង ៧៤,០០០នាក់ទៀតឆ្លងមេរោគ COVID-19៕