Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រោងចក្រសហគ្រាសធំៗនៅចិន ចាប់ផ្តើមបើកទ្វារឡើងវិញជាបណ្តើរៗហើយ ក្រោយការផ្អាកមួយរយៈដោយសារ COVID-19 រាតត្បាត (Video inside)

19-02-2020 17:34

(ប៉េកាំង)៖ រោងចក្រសហគ្រាសធំៗរបស់ចិន កំពុងចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើៗហើយ ខណៈរដ្ឋបាលក្នុងតំបន់បានជំរុញឲ្យរោងចក្រទាំងនោះ ចាប់ផ្តើមផលិតកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានផ្អាកអស់ជាច្រើនសប្តាហ៍ ដោយសារតែការផ្ទុះ និងរាតត្បាតនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ អាជ្ញាធរចិនបានសម្រេចអូសបន្លាយពេល នៃថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន រយៈពេលមួយសប្តាហ៍បន្ថែមទៀត ជាមួយនឹងការដាក់ចេញនូវវិធានការមួយចំនួន ដូចជាការដាក់កម្រិតលើចរាចរណ៍ នៅទីក្រុងធំៗមួយចំនួនទូទាំងផ្ទៃប្រទេសជាដើម។
តាមរយៈវិធានការនេះ វាបានធ្វើឲ្យវិស័យឧស្សាហកម្ម មិនអាចធ្វើការផលិតដូចធម្មតាឡើយ ដោយសារកង្វះកម្លាំងពលកម្ម និងវត្ថុធាតុដើម ហើយការដឹកជញ្ជូនផលិតផលទៅឲ្យអតិថិជន ក៏បានជួបឧបសគ្គផងដែរ។

រដ្ឋាភិបាលក្រុងប៉េកាំងដឹងច្បាស់ថា តើត្រូវធ្វើយ៉ាងមេចដើម្បីឲ្យមានតុល្យភាព រវាងយុទ្ធនាការទប់ស្កាត់វីរុសកូរ៉ូណាថ្មី ដែលបានសម្លាប់មនុស្សជាង ២,០០០នាក់ និងមនុស្សឆ្លងជាង ៧៤,០០០នាក់ ខណៈវិធានការការពារសេដ្ឋកិច្ចពីការខាតបង់នោះ ត្រូវបានដាក់ចេញរួចទៅហើយ ដើម្បីឲ្យប្រាកដច្បាស់ថាវានឹងមានទំហំតូច។

ទោះបីជាយ៉ាណា មន្ត្រីគណៈកម្មាធិការអភិវឌ្ឍន៍ និងកែទម្រង់ជាតិចិនបានឲ្យដឹងថា ជាង ៥០% នៃសហគ្រាសឧស្សាហកម្មធំៗនៅខេត្ត ក្វាងទុង (Guangdong), ខេត្តជាំងស៊ូ (Jiangsu) និងតំបន់ឧស្សាហកម្មធំៗផ្សេងទៀត ដូចជាទីក្រុងសៀងហៃជាដើម បានចាប់ផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញហើយ៕