(សិង្ហបុរី)៖ ក្រុមហ៊ុន Facebook បានបិទលែងឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមនេះនៅសិង្ហបុរី ចូលមើល Page មួយមានឈ្មោះថា State Times Review (STR) បានទៀតឡើយ ក្រោយពីត្រូវរដ្ឋាភិបាលសិង្ហបុរីស្នើឲ្យធ្វើយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
រដ្ឋាភិបាលសិង្ហបុរីបានស្នើឲ្យ Facebook រារាំងការចូលមើល Page «State Times Review» បន្ទាប់ពី Page នេះ បានបង្ហោះព័ត៌មានអំពី ស្ថានភាពនៃការរីករាលជំងឺ COVID-19 ដែលមិនមានការពិត។ Page នេះ ជារបស់បុគ្គលឈ្មោះ Alex Tan ដែលមាននិន្នាការនយោបាយ ប្រឆាំង រដ្ឋាភិបាល សិង្ហបុរី ហើយបានផ្សព្វផ្សាយនូវព័ត៌មាន ដែលរដ្ឋាភិបាលសិង្ហបុរី អះអាងថា គ្មានការពិតជាច្រើនលើកមកហើយ។
គួរជម្រាបថា Page «State Times Review» មិនត្រូវបាន Facebook បិទចោលទាំងស្រុងនោះទេ ដោយគ្រាន់តែអ្នកប្រើប្រាស់បណ្តាញនេះ នៅក្នុងប្រទេសសិង្ហបុរី មិនអាចចូលមើល Page នេះ បាន ប៉ុន្តែអ្នកប្រើប្រាស់នៅប្រទេសផ្សេងទៀត គឺនៅមើលឃើញបានជាធម្មតា៕