(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលចិននៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកជាសះស្បើយថ្មីពីជំងឺ COVID-19 មានចំនួនច្រើនជាងចំនួនអ្នកដែលបានឆ្លងថ្មី គិតក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ហើយវាគឺជាលើកដំបូងបំផុតហើយ បើគិតចាប់តាំងពីមានការផ្ទុះ និងរីករាលដាលនៃវីរុសនេះកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
កាលពីថ្ងៃអង្គារម្សិលមិញ តួលេខអ្នកដែលបានចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយពីជំងឺ COVID-19 មានចំនួន ១,៨២៤នាក់ ហើយនេះជាចំនួនមួយច្រើនជាងចំនួនករណីឆ្លងថ្មីៗនៅក្នុងថ្ងៃដដែល ដែលមានចំនួន ១,៧៤៩ករណីនៅទូទាំងប្រទេសចិន។ គិតត្រឹមថ្ងៃអង្គារម្សិលមិញ ចំនួនសរុប នៃអ្នកជំងឺដែលបានជាសះស្បើយពីជំងឺរាតត្បាតមួយនេះមានចំនួន ១៤,៣៧៦នាក់ហើយ ខណៈចំនួនអ្នកឆ្លងសរុបគឺបានកើនឡើងដល់ ៧៤,១៨៥នាក់។
គួរជម្រាបផងដែរថា ចំនួនករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាថ្មី COVID-19 នៅខាងក្រៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចផ្ទុះឡើងដំបូងនៃវីរុសនេះក៏បានធ្លាក់ចុះ ១៥ថ្ងៃជាប់ៗគ្នាដែរ ពោលគឺមានត្រឹមតែ ៥៦ករណីប៉ុណ្ណោះត្រូវបានរាយការណ៍ ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ៕