(បាងកក)៖ រដ្ឋមន្រ្តីសេដ្ឋកិច្ច និងសង្គមឌីជីថលថៃលោក ពុទ្ធិផុងស៊ិ ផុនណាកន្ថា (Buddhipongse Punnakanta) បានឲ្យដឹងថា មនុស្សសរុប ០៤នាក់ទៀតត្រូវបានចាប់ខ្លួន ពីបទចែកចាយព័ត៌មានមិនពិតអំពីជំងឺឆ្លង COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
ការចាប់ខ្លួនខាងលើត្រូវបានធ្វើឡើងនៅតំបន់ខុសៗគ្នារួមមានខេត្ត ឈុនបុរី (Chon Buri), ខេត្ត ឆាឆឹងសាវ (Chachoengsao), ខេត្ត ឈាងម៉ៃ (Chiang Mai) និងខេត្តណាន (Nan)។ លោក Buddhipongse បាននិយាយថា ក្រសួងរបស់លោកបាន និងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត នៅលើបណ្តាញទំនាក់ទំនង ជុំវិញការចែកចាយព័ត៌មានក្លែងក្លាយ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ភ្លាមៗតែម្តងលើជនទាំងឡាយណា ដែលត្រូវរកឃើញថា បង្ហោះព័ត៌មានមិនពិត ជាពិសេសនៅចំពោះមុខការរីកដាលវីរុស និងជំងឺឆ្លង COVID-19។
គួរជម្រាបថា កន្លងមកនេះអាជ្ញាធរថៃក៏បានចាប់ខ្លួនមនុស្សប៉ុន្មាននាក់រួចមកហើយដែរ ពាក់ព័ន្ធបទល្មើសដូចគ្នាផងដែរ។ បើតាមច្បាប់នៅក្នុងប្រទេសថៃ ការប្រព្រឹត្តបទល្មើសចែកចាយព័ត៌មានមិនពិត តាមប្រព័ន្ធកុំព្យូរទ័រ ឬប្រព័ន្ធបច្ចេកវិទ្យា អាចត្រូវជាប់ពន្ធនាគាររហូតដល់ ០៧ឆ្នាំ និងរងការពិន័យជាប្រាក់ចំនួន ១៤០,០០០បាត ដែលស្មើនឹងជិត ៤,៥០០ដុល្លារអាមេរិក៕