(អាមេរិក)៖ ការរើសអើងកាន់តែផុសផុលខ្លាំងឡើង ចំពោះប្រជាជនមកពីតំបន់អាស៊ី និងអាមេរិកផ្ទាល់មានដំណើមកំណើតអាស៊ី នៅក្នុងសហរដ្ឋអាមេរិក ស្របពេលដែលអង្គការសុខភាពពិភពលោក (WHO) បាននិងកំពុងប្រឹងប្រែងអំពាវនាវ កុំឲ្យមានការស្អប់ខ្ពើមគ្នា ព្រោះតែការរាតត្បាតនៃមេរោគឆ្លង COVID-19 ដែលមានប្រភពចេញពីទីក្រុងវូហាន (Wuhan) ប្រទេសចិននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
ការរើសអើងនេះបានបង្កការប៉ះពាល់ទាំងចំពោះបុគ្គលផ្ទាល់ និងចំពោះការធ្វើអាជីវកម្មផ្សេងៗ។ នៅតំបន់ឆាយណាថោន (Chinatown) ក្នុងទីក្រុង ញូយ៉ក (New York City) របស់សហរដ្ឋអាមេរិក ម្ចាស់ភោជនីយដ្ឋាននានា បានបង្ហាញការត្អូញត្អែរថា សកម្មភាពអាជីវកម្មរបស់ពួកគេបានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងតែពីបុណ្យចូលឆ្នាំចិន ជាពេលដែលមេរោគឆ្លង COVID-19 បានផ្ទុះឡើងខ្លាំង ខណៈទាំងក្នុងទីក្រុងនេះពុំមានករណីអ្នកឆ្លង COVID-19 សូម្បីតែ ១ករណីផងនោះ។
បន្ថែមពីខាងលើនេះ នៅតាមបណ្តាទីក្រុងដទៃៗទៀតដូចជានៅ ឡូសអាន់ជែឡេស (Los Angeles) ពលរដ្ឋអាមេរិកស្បែកសម្នាក់ បានប្រើសម្តីប្រមាថមើលងាយទៅលើជនជាតិចិន និងថាជំងឺទាំងអស់សុទ្ធតែមកពីប្រទេសចិន។ រីឯនៅរដ្ឋ អ៊ីនឌាណា (Indiana) បុរសម្នាក់មកពីតំបន់អាស៊ី ត្រូវបានបុគ្គលិកសណ្ឋាគារមួយកន្លែងសួរសំណួរបែបរើសអើង ព្រោះតែខ្លាចគាត់មកពីប្រទេសចិន។
គួរជម្រាបថា រឿងបែបនេះមិនមែនធ្លាប់កើតមានឡើង តែនៅសហរដ្ឋអាមេរិកនោះទេ ដោយនៅប្រទេសមួយចំនួនទៀតដូចជា ចក្រភពអង់គ្លេស កាណាដា និងបារាំងជាដើម ក៏បានកើតមានករណីដូចខាងលើនេះរួមមកហើយ។ ជនជាតិមកពីតំបន់អាស៊ី ជាពិសេសជនជាតិចិន ត្រូវប្រឈមមុខខ្លាំងចំពោះការស្អប់ខ្ពើម-រើសអើង ដែលត្រូវបានសារព័ត៌មានធំៗប្រចាំអឺរ៉ុប ជាពិសេស BBC ធ្វើការចុះផ្សាយ។ ទន្ទឹមគ្នានេះ អង្គការសុខភាពពិភពលោក WHO បានអំពាវនាវហើយអំពាវនាវទៀត ឲ្យពិភពលោកកុំមានការរើសអើង ប្រមាថមើលងាយ ស្អប់ខ្ពើមគ្នា និងកេងចំណេញពីគ្នា ព្រោះតែជំងឺឆ្លង COVID-19 ហើយត្រូវរួមសាមគ្គីគ្នាដើម្បីបង្រ្កាបជំងឺនេះ៕