(ហ្សេរុយសាឡឹម)៖ សវនាការលើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ ពោលគឺ២សប្ដាហ៍បន្ទាប់ពីការបោះឆ្នោតសកល។ នេះបើតាមក្រសួងយុត្តិធម៌អ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងយុត្តិធម៌អ៉ីស្រាអែល ក៏បានបញ្ជាក់ដែរថា លោក Netanyahu នឹងត្រូវតម្រូវឱ្យបង្ហាញខ្លួននៅក្នុង សវនាការ ជាទីដែលការចោទប្រកាន់ប្រឆាំងនឹងរូបលោកនឹងត្រូវបានគេអានដោយផ្ទាល់តែម្ដង។ លោក Netanyahu ត្រូវបានគេចោទប្រកាន់ចំនួនបីបទចោទនៃសំណុំរឿងពុករលួយ ក្នុងនោះរួមមាន ការទទួលសំណូក ការក្លែងបន្លំ និងរំលោភលើសេចក្ដីទុកចិត្ត ហើយនេះបានធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីអ៉ីស្រាអែល កំពុងកាន់អំណាច ដំបូងគេបំផុតដែលត្រូវបានគេចោទប្រកាន់ពីការប្រព្រឹត្តបទល្មើស។ ប៉ុន្តែលោក បានបដិសេធរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក៕