(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិន បានកើនដល់ ១,៨៦៨នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧២,៥០០នាក់។
២៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានថ្លែងនៅថ្ងៃអង្គារនេះថា ទីក្រុងស្វយ័តរបស់ចិនមួយនេះនឹងបញ្ចេញ កញ្ចប់ថវិកា ២៨ពាន់លានដុល្លារហុងកុង (៣.៦ពាន់លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង វីរុសកូរ៉ូណាថ្មី ឬ COVID-19 និងដោះស្រាយបញ្ហាប្រឈមនានា ដែលបាននិងកំពុងបង្កឡើងដោយជំងឺឆ្លងនេះ។
៣៖ ក្រសួងសុខាភិបាលជប៉ុននាថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្ស៨៨នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តរកឃើញថា ឆ្លង COVID-19 នៅលើកប៉ាល់ទេសចរណ៍ Diamond Princess ដែលកំពុងស្ថិតក្នុងទីក្រុង Yokohama នៃប្រទេសជប៉ុន។
៤៖ ស្ថានីយទូរទស្សន៍រដ្ឋចិន បានអះអាងថា ប្រធានមន្ទីរពេទ្យធំមួយនៅទីក្រុង Wuhan នៃប្រទេសចិន ដែលជាចំណុចកណ្តាលនៃ ការរីករាលដាលជំងឺ COVID-19 ទើបតែបានបាត់បង់ជីវិតដោយសារតែជំងឺដ៏កាចសាហាវនេះ។
៥៖ គណៈកម្មាការពន្ធនៃក្រុមប្រឹក្សារដ្ឋចិន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំង នឹងលើកលែងការយកពន្ធ លើការនាំចូលបរិក្ខា និងសម្ភារៈពេទ្យ ពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២ ខែមីនា ខាងមុននេះតទៅទៀត ខណៈកំពុងប្រយុទ្ធជាមួយការរីករាលដាលនៃជំងឺ COVID-19
៦៖ កំពូលមហាសេដ្ឋីអាមេរិកដែលជាម្ចាស់ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានសន្យាថា លោកនឹងបរិច្ចាគប្រាក់ ១០ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់ក្រុមអ្នកវិទ្យាសាស្ត្រ ក្រុមសកម្មជន ក្រុមមិនគិតប្រយោជន៍ និងក្រុមការងារផ្សេងៗទៀត ដែលមានតួនាទីប្រយុទ្ធប្រឆាំងការបំផ្លាញបរិស្ថាន និងការប្រែប្រួលបរិយាកាសភពផែនដី៕