(តូក្យូ)៖ ប៉ូលិសជប៉ុនបានរាយការណ៍ថា ចោរមួយក្រុមបានចូលលួចម៉ាសសរុប ៦,០០០ ពីមន្ទីរពេទ្យមួយនៅទីក្រុងកំពង់ផែកូបេ (Kobe) ស្ថិតនៅភាគខាងលិចប្រទេសជប៉ុន ខណៈការឆ្លងវីរុស COVID-19 កំពុងស្ថិតនៅជាប្រធានបទក្តៅគគុក និងបង្កឲ្យតម្រូវការម៉ាសនៅគ្រប់ខេត្ត-ក្រុង កើនឡើងយ៉ាងគំហុកតែម្តង។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ទីរពេទ្យកាកបាទក្រហមប្រចាំទីក្រុង Kobe បានរាយការណ៍ថា កេសចំនួន ០៤ ដែលផ្ទុកម៉ាសសរុបចំនួន ៦,០០០ បានបាត់ចេញពីឃ្លាំង។ មន្ត្រីជប៉ុនបានប្រាប់ សារព័ត៌មាន AFP យ៉ាងដូច្នេះថា «យើងនៅមានម៉ាសក្នុងចំនួនច្រើនទៀត ដើម្បីបន្តការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែរឿងនេះ (ការលួចម៉ាស) ពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់»។
គួរបញ្ជាក់ថា កងកម្លាំងមានសមត្ថកិច្ចជប៉ុន កំពុងតែធ្វើការតាមដានរកក្រុមចោរ ដែលបានលួចម៉ាសដ៏ច្រើនខាងលើនេះ ព្រោះពួកគេប្រាកដជាកំពុងព្យាយាម យកម៉ាសទាំងនោះទៅលក់ជាក់ជាមិនខាន ខណៈប្រទេសជប៉ុនកំពុងស្ថិត នៅក្នុងការណែនាំយ៉ាងតឹងរ៉ឹង ឲ្យប្រជាជនគ្រប់រូបមានការប្រុងប្រយ័ត្ន និងបើសិនជាអាច គឺគួរផ្អាករាល់ការជួបជុំនានា ព្រោះប្រទេសជាតិកំពុងតែស្ថិតនៅក្នុងហានិភ័យ នៃការឆ្លងវីរុស COVID-19។
សម្រាប់ករណីឆ្លង COVID-19 បានកើនឡើងដល់ខ្ទង់ ៦០០ករណីហើយ ដោយក្នុងនោះ ៥៤២ករណីស្ថិតនៅលើកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលកំពុងចតនៅទីក្រុង យ៉ូកូហាម៉ា (Yokohama)៕