(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) បាននិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង មកកាន់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងធ្វើឡើងទៅតាមការគ្រោងទុក នាខែមេសាខាងមុខនេះ ពុំមានអ្វីប្រែប្រួលឡើយ បើទោះបី COVID-19 នៅតែបន្តវាយប្រហារ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នារសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ស៊ូហ្គា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារ៍នេះថា ជប៉ុនកំពុងតែឃ្លាំមើលយ៉ាងដិតដល់នូវការវិវឌ្ឍជុំវិញ ការរៀបចំសមាជប្រជាជាតិចិន។ ជុំវិញរឿងនេះ បើតាមភ្នាក់ងារសារព័ត៌មានដែលស្និទ្ធនឹងអាជ្ញាធរចិន បានរាយការណ៍កាលពីថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងពិចារណាលើការលើកពេលសមាជ បក្ស កុម្មុយនីស្ត ចិន ដែលគ្រោងនឹងបើកនាថ្ងៃទី០៥ ខែមីនា ខាងមុខ ខណៈបច្ចុប្បន្នបញ្ហាជំងឺ COVID-19 កំពុងបន្តរីករាលដាលនៅឡើយ។
ទោះជាយ៉ាងណា លោ កស៊ូហ្គា បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងបន្តត្រៀមខ្លួនជាស្រេច សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកស៊ី ជិនពីង។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនរូបនេះ ក៏បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីការទេសនៃប្រទេសទាំងពីរ បានជួបគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ ហើយក៏បានយល់ព្រមបន្តសហការគ្នា ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់លោក ស៊ី៕