(គូឡាឡាំពួរ)៖ អគ្គលេខាធិការផ្នែកសុខាភិបាល នៃក្រសួងសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Noor Hisham Abdullah នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ពលរដ្ឋម៉ាឡេស៊ី២នាក់ នៅលើកប៉ាល់ Diamond Princess ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លង COVID-19។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Facebook លោក Abdullah ក៏បានកត់សម្គាល់ដែរថា ករណីឆ្លង COVID-19 នៅលើកប៉ាល់ Diamond Princess គឺមានចំនួនអ្នកឆ្លងជាងគេបំផុត នៅក្រៅប្រទេសចិន។ លោកបន្ថែមដូច្នេះថា៖ «ពលរដ្ឋម៉ាឡេស៊ី ២នាក់ នៅលើកប៉ាល់ Diamond Princess ត្រូវបានគេរកឃើញថា បានឆ្លង COVID-19 ខណៈពីរនាក់ផ្សេងទៀតកំពុងទន្ទឹមរង់ចាំ លទ្ធផលនៃការធ្វើតេស្ដ។ អ្នកទាំងពីរនាក់ដែលបានឆ្លងជំងឹ នេះនឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេឯង និងស្ថិតនៅក្រោមការត្រួតពិនិត្យក្នុងប្រទេសជប៉ុន»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ មនុស្សជិះនៅលើកប៉ាល់ខាងលើ ៩៩នាក់ទៀត ត្រូវបានគេធ្វើតេស្ដរកឃើញ COVID-19 ធ្វើឱ្យចំនួនអ្នកឆ្លង សរុបនៅលើកប៉ាលកើនដល់ ៤៥៤នាក់។ កប៉ាល់ Diamond Princess មានផ្ទុកអ្នកដំណើរ និងនាវិកទាំងអស់ ៣,៧០០នាក់។ កប៉ាល់ទេសចរណ៍ នេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង នៅឯកំពង់ផែទីក្រុង Yokohama ប្រទេសជប៉ុនអស់រយៈពេល ១៤ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី ០៣ ខែកុម្ភៈមក បន្ទាប់ពីត្រូវបានគេរកឃើញថា អ្នកដំណើរមកពីហុងកុងម្នាក់ ដែលធ្លាប់មានវត្តមាននៅលើនាវានោះ បានឆ្លងវីរុស COVID-19។
ដោយឡែក កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក បានជម្លៀសពលរដ្ឋរបស់ខ្លួនជាង៤០០នាក់ចេញពីកប៉ាល់មួយនេះ ខណៈអូស្ត្រាលី កាណាដា អ៉ីតាលី កូរ៉េខាងត្បូង និងទីក្រុងហុងកុង ក៏បានប្រកាសពីគម្រោងជម្លៀសពលរដ្ឋរបស់ពួកគផងដែរ៕