(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងចាប់ផ្តើមការសាកល្បង ប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍ (HIV) ដើម្បីព្យាបាលអ្នកជំងឺដែលបានឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានថ្លែងពីទីក្រុងតូក្យូនៅថ្ងៃអង្គារនេះថា «បច្ចុប្បន្នយើងកំពុងត្រៀមរៀបចំ ដើម្បីធ្វើតេស្តសាកល្បងតាមបែបវេជ្ជសាស្រ្ត ដោយប្រើប្រាស់ថ្នាំព្យាបាលជំងឺអេដស៍ (HIV) មកព្យាបាលជំងឺឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19»។ តែយ៉ាងណាក៏ដោយ លោក Suga បានបញ្ជាក់ថា លោកមិនទាន់អាច ធ្វើការអត្ថាធិប្បាយឲ្យច្បាស់ថា តើវាត្រូវការរយៈពេលប៉ុន្មានទេ សម្រាប់ការអនុម័តលើការប្រើប្រាស់ថ្នាំថ្មីនេះ។
គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយបានឲ្យដឹងថា ចំនួនសរុប នៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅប្រទេសជប៉ុនមានចំនួន ៥០០ករណី ក្នុងនោះជាង ៤៥០ករណីគឺជាអ្នកដែលស្ថិតនៅលើនាវាទេសចរណ៍ ដាយមិនដ៍ ព្រីសេស (Daimond Princess) ដែលបានចូលចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama) ប្រទេសជប៉ុន កាលពីថ្ងៃទី២០ មករាកន្លងទៅនេះ។ ប្រការនេះបានធ្វើឲ្យជប៉ុនក្លាយជាប្រទេស ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនបំផុតលំដាប់ទី ២ បន្ទាប់ពីចិន ដែលជាចំណុចកណ្តាលនៃការផ្ទុះ និងរីករាលដាលជំងឺនេះ៕