(ញូយ៉ក)៖ កំពូលមហាសេដ្ឋីអាមេរិកដែលជាម្ចាស់ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានសន្យាថា លោកនឹងបរិច្ចាគប្រាក់ ១០ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់ក្រុមអ្នកវិទ្យាសាស្ត្រ ក្រុមសកម្មជន ក្រុមមិនគិតប្រយោជន៍ និងក្រុមការងារផ្សេងៗទៀត ដែលមានតួនាទីប្រយុទ្ធប្រឆាំងការបំផ្លាញបរិស្ថាន និងការប្រែប្រួលបរិយាកាសភពផែនដី។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទីកុម្ភៈ ឆ្នាំ២០២០។
លោក Bezos ក្នុងនាមជាបុរសដ៏មានបំផុតមួយនៅលើពិភពលោក និងប្រចាំសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងចំណោមកំពូលមហាសេដ្ឋីដទៃៗទៀត ដែលបានធ្វើការបរិច្ចាគប្រាក់ ក្នុងការជួយដល់អន្តរជាតិ ក្នុងការទប់ស្កាត់ការកើនឡើងកម្តៅសកល ដែលជាបញ្ហាសម្រាប់មនុស្សជាតិគ្រប់រូបលើភពផែនដី។
តាមរយៈសារបង្ហោះលើ Instagram លោក Bezos បានលើកឡើងយ៉ាងដូច្នេះថា «ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងធំធេងបំផុតចំពោះភពយើង។ ខ្ញុំចង់ចូលរួមជាមួយគ្រប់គ្នា ដើម្បីជម្រុញមធ្យោបាយដោះស្រាយបញ្ហានានាដែលមានស្រាប់ និងបន្តស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗទៀត ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងបញ្ហាបម្រែបម្រួលធាតុអាកាស នៅភពដែលយើងគ្រប់គ្នាកំពុងរស់នៅ»។
គួរបញ្ជាក់ថា ជំនួយរបស់លោក Bezos ប្រមាណ ១០ពាន់លានដុល្លារខាងលើនេះ នឹងត្រូវយកទៅចាត់ចែងនៅអំឡុងរដូវក្តៅឆ្នាំ២០២០ នេះតែម្តង។ អង្គភាពដែលនឹងទទួលបាន ជំនួយខាងលើនេះមានដូចជា ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការនានាដែលបម្រើការងារឲ្យកិច្ចគាំពារបរិស្ថាន និងប្រយុទ្ធតស៊ូទៅនឹងការប្រែប្រួលបរិយាកាសផែនដី។ កន្លងមកនេះ កំពូលមហាសេដ្ឋីអាមេរិកដូចជា ប៊ីល ហ្គេតស៍ (Bill Gates), ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) និង ថម ស្ទែយើ (Tom Steyer) សុទ្ធតែបានធ្វើការបរិច្ចាគថវិការៀងៗខ្លួន នៅក្នុងគោលដៅដូចគ្នា៕