(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ១២,៥៥២នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សចំនួន ១,៧០១នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១២,៥៥២នាក់ដូចខាងលើ។ បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ជិត ១,៨៦៨នាក់ ខណៈ ៧២,៤៣៦នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះក្រុមជំនាញវេជ្ជសាស្ត្រយោធា ៦៧៦នាក់ បូករួមទាំងថ្នាំសង្កូវ និងគ្រឿងបរិក្ខាពេទ្យជាច្រើនសិបតោនទៀត ត្រូវបានដឹកជញ្ជូនបន្ថែម តាមរយៈយន្តហោះយោធា ០៨គ្រឿង ក្នុងនោះក៏មានយន្តហោះដឹកទំនិញធុនធំ Y-20 ដែលចិនផលិតដោយខ្លួនឯងផងដែរ ទៅកាន់ខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុស COVID-19៕