(បាងកក)៖ យោធាថៃ នៅថ្ងៃចន្ទនេះ បានយល់ព្រមផ្ទេរសិទ្ធិគ្រប់គ្រងដីពាណិជ្ជកម្មមានទំហំ ១៦០,០០០ហិកតា ទៅឱ្យក្រសួងហិរញ្ញវត្ថុវិញ ក្នុងគោលបំណងធ្វើកំណែទម្រង់ នៃការអនុវត្តការធ្វើជំនួញរបស់ខ្លួន បន្ទាប់ពីទាហានម្នាក់បាញ់សម្លាប់មនុស្សយ៉ាងរង្គាលធ្វើឱ្យកក្រើកទូទាំងប្រទេស ដោយសារតែជម្លោះដីធ្លី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមប្រធានសេនាធិការយោធាថៃ នាយឧត្តមសេនីយ៍ Teerawat Boonyawat ចាប់ពីពេលនេះតទៅ យោធាថៃនឹងប្រគល់គម្រោងជាច្រើន ទៅឱ្យនាយកដ្ឋានរតនាគារ ជាតិ ដើម្បីពិចារណាថាគួរតែដំណើរការគម្រោងទាំងនេះយ៉ាងដូចម្ដេច ដោយឈរលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិនានា។ លោកបន្ថែមថា ការផ្ទេរនេះគឺមានន័យថា ប្រាក់ចំណូលពី ជំនួញនឹងត្រូវប្រគល់ឱ្យរដ្ឋដោយផ្ទាល់ រីឯមួយចំនួនទៀតនឹងត្រូវគិតគូរទៅលើសុខមាលភាពរបស់កងទ័ព។ បន្ថែមពីលើនេះ អគ្គមេបញ្ជាការយោធាថៃ លោក Apirat Kongsompong ថែមទាំងបានសន្យាថា នឹងសម្អាតសកម្មភាពអាជីវកម្មរបស់កងទ័ព ដែលរកចំណូលបានជិត ១ពាន់លានបាត ឬស្មើនឹងជាង៣២លានដុល្លារក្នុងមួយឆ្នាំ ជាលក្ខណៈទ្រង់ទ្រាយធំទៀតផង។ សកម្មភាពអាជីវកម្មទាំងនោះមានដូចជា ទីលានវាយកូនហ្គោល, សង្វៀនប្រដាល់, ទីលានប្រណាំងសេះ, ក្លឹបកីឡា, សណ្ឋាគារ និងស្ថានីយប្រេងឥន្ធនៈជាដើម។
គួរបញ្ជាក់ថា ការសម្រេចបែបនេះរបស់យោធាថៃ ធ្វើឡើងបន្ទាប់ពីទាហានម្នាក់ឈ្មោះ Jakrapanth Thomma បាញ់សម្លាប់មនុស្ស២៩នាក់ និងរងរបួស៥៧នាក់ កាលពី សប្ដាហ៍មុន ដោយសារតែជម្លោះដីធ្លី ដែលរូបគេយល់ថាត្រូវបានគេបោកប្រាស។ តែក្រោយមក ទាហានមានអាយុ៣២ឆ្នាំរូបនេះ ក៏ត្រូវបានកងកម្លាំងសន្តិសុខថៃ បាញ់សម្លាប់ផងដែរ៕