(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់ ១,៧៧០នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧០,០០០នាក់។
២៖ អាជ្ញាធរជប៉ុនបាននិយាយថា ខ្លួននឹងលុបចោលការប្រមូលផ្ដុំជាសាធារណៈមួយ ដែលគ្រោងប្រារព្ធពិធីអបអរសាទរខួបចម្រើនព្រះជន្ម នៃព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) ដោយសារតែការព្រួយបារម្ភពីការរីរាលដាល នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។
៣៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ Trident II ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ប្រកបដោយ ជោគជ័យ។
៤៖ ក្រសួងការបរទេសអាមេរិកនាថ្ងៃចន្ទនេះ បានប្រាប់ថា អ្នកដំណើរ១៤នាក់ ក្នុងចំណោមពលរដ្ឋអាមេរិកច្រើនជាង៣០០នាក់ ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ទេសចរណ៍ Diamond Princess នៅឯប្រទេសជប៉ុន ហើយដឹកតាមយន្តហោះពីរគ្រឿងមកកាន់ទឹកដី អាមេរិកវិញនោះ បានឆ្លងជំងឺ COVID-19។
៥៖ អាជ្ញាធរទីក្រុងប៉េកាំងបានអះអាងថា មន្ត្រីពេទ្យយោធាសរុប ១,២០០នាក់បន្ថែមទៀតត្រូវបានបញ្ជូន និងធ្វើដំណើរទៅដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ហើយ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ខណៈបុគ្គលិកពេទ្យរាប់ម៉ឺននាក់កំពុងស្ថិតនៅទីនោះស្រាប់។
៦៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា អូស្ត្រាលីនឹងបញ្ជូនយន្ដហោះឱ្យទៅជម្លៀសពលរដ្ឋរបស់ខ្លួនច្រើនជាង ២០០នាក់ កំពុងស្ថិតនៅលើកប៉ាល់ដឹកអ្នកដំណើរខ្នាតយក្ស Diamond Princess ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេឯង នៅឯកំពង់ផែ Yokohama ប្រទេសជប៉ុន៕