(ប៉េកាំង)៖ ក្រុមអ្នកជំនាញនិងក្រុមវេជ្ជបណ្ឌិតចិន ផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បងបានទទួលស្គាល់ថា ក្លរ៉ូគីន ហ្វូស្វាត (Chloroquine Phosphate) ដែលជាថ្នាំប្រឆាំងនឹង ជំងឺគ្រុនចាញ់ មានប្រសិទ្ធភាពជាក់ស្ដែងក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយយោងទៅលើអនុប្រធានមជ្ឈមណ្ឌលជាតិចិន សម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា ដែលស្ថិតក្រោម ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន គឺលោកស្រី Sun Yanrong។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះ លោកស្រី Sun Yanrong បានបន្ថែមដូច្នេះថា ៖ «ក្រុមអ្នកជំនាញបានឯកភាពគ្នាជាឯកច្ឆ័ន ក្នុងការសន្មតថា ថ្នាំក្លរ៉ូគីន ហ្វូស្វាត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងវិធីសាស្ត្រព្យាបាល វីរុសកូរ៉ូណា ឬ Covid-19 ហើយការព្យាបាលសាកល្បង ទ្រង់ទ្រាយធំនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិន បានកើនដល់ ១,៧៧០នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧០,០០០នាក់៕