(មូស្គូ)៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ Trident II ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ប្រកបដោយ ជោគជ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមកងទ័ពជើងទឹកអាមេរិក គ្រាប់មីស៊ីល Trident II ត្រូវបានបាញ់ចេញពីនាវាមុជទឹក USS Maine នៅឯឆ្នេរសមុទ្រ នៃទីក្រុងសាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា។

គួរបញ្ជាក់ថា មីស៊ីលបាលិស្ទីគ Trident II នេះ គឺជាប្រព័ន្ធអាវុធយុទ្ធសាស្ត្រមួយ និងដំបូងឡើយត្រូវបានគេរចនាឡើង ដែលមានអាយុកាលប្រើប្រាស់នៅត្រឹមឆ្នាំ ២០២៤ខាងមុខ។ ប៉ុន្តែ នាពេលថ្មីៗនេះ វាត្រូវបានគេកែច្នៃបន្ថែម ដើម្បីអាចឲ្យប្រើប្រាស់វាបានរហូតដល់ឆ្នាំ២០៤០។ Trident II ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធ មីស៊ីល ដែលអាចប្រើប្រាស់បានយូរ នៅលើផ្ទៃសមុទ្រ ហើយវាក៏អាចប្រើប្រាស់បានច្រើនបំណងផងដែរ៕