(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកនាថ្ងៃចន្ទនេះ បានប្រាប់ថា អ្នកដំណើរ១៤នាក់ ក្នុងចំណោមពលរដ្ឋអាមេរិកច្រើនជាង៣០០នាក់ ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ទេសចរណ៍ Diamond Princess នៅឯប្រទេសជប៉ុន ហើយដឹកតាមយន្តហោះពីរគ្រឿងមកកាន់ទឹកដី អាមេរិកវិញនោះ បានឆ្លងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកដំណើរអាមេរិកទាំងអស់នោះ ត្រូវបានជម្លៀសពីលើកប៉ាល់ Diamond Princess និងឡើងលើយន្តហោះ ដើម្បីត្រៀមចាកចេញពីជប៉ុន ឆ្ពោះមកកាន់សហរដ្ឋអាមេរិកវិញទៅហើយ នៅពេលដែលក្រុមមន្រ្តីអាមេរិកទទួលដំណឹងថា លទ្ធផលធ្វើតេស្តលើពួកគេ១៤នាក់ កាលពី ប៉ុន្មានថ្ងៃមុន ទើបតែបានបង្ហាញថា មានផ្ទុកជំងឺ COVID-19។ ទោះជាបែបនេះក្តី អាជ្ញាធរអាមេរិកបានសម្រេចឲ្យអ្នកទាំង១៤នាក់ស្ថិតនៅ លើយន្តហោះដដែល ប៉ុន្តែទុកនៅកន្លែងដាច់ដោយឡែកពិសេសមួយលើយន្តហោះ។ ជើងហោះហើរដំបូង នឹងមកដល់មូលដ្ឋានយោធា មួយកន្លែងនៅរដ្ឋកាលីហ្វរញ៉ា ជាទីដែលអ្នកដំណើរទាំងនោះ ត្រូវស្ថិតក្រោមការតាមដានសុខភាពរយៈពេល១៤ថ្ងៃ។
គួរជម្រាបថា នៅលើកប៉ាល់ទេសចរណ៍ Diamond Princess មានផ្ទុកមនុស្សចំនួនជាង៣,៦០០នាក់ រួមមានពលរដ្ឋអាមេរិក៤២៨នាក់ ហើយមកទល់ពេលនេះត្រូវគេរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួនយ៉ាងហោច៣៥៦នាក់។ សម្រាប់ ពលរដ្ឋអាមេរិកយ៉ាងតិច៤៤នាក់ ដែលត្រូវបានរកឃើញថា ឆ្លងជំងឺ COVID-19 មុនការជម្លៀសខ្លួនខាងលើ គឺ ត្រូវទុកឲ្យនៅព្យាបាលក្នុងប្រទេសជប៉ុនតែម្តង៕