(បាងកក)៖ ក្រោយការត្រួតពិនិត្យផ្នែកសុខភាពយ៉ាងហ្មត់ចត់ អាជ្ញាធរថៃបានអះអាងថា អ្នកដំណើរទាំង ៣៥នាក់ (មានជនជាតិថៃ០២នាក់) ដែលបានចុះចេញពីនាវាទេសចរណ៍ Westerdam ដែលបានចូលចតនៅប្រទេសកម្ពុជានោះ មិនមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19 នោះឡើយ ប៉ុន្តែអាជ្ញាធរសុខាភិបាលថៃបានណែនាំឲ្យជនជាតិថៃទាំងពីរនាក់ ស្នាក់នៅផ្ទះដើម្បីតាមដានសុខភាព នៅក្នុងរយៈពេល ១៤ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post ដែលត្រូវបានដកស្រង់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងសុខាភិបាលថៃលោក រុងរឿង ឃីតផាធិ (Rungrueng Kitphati) បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដំណើរទាំង ៣៥នាក់ បានទទួលការពិនិត្យរកមើលវីរុសកូរ៉ណាថ្មី (COVID-19) ហើយលទ្ធផលនៃការធ្វើតេស្តគឺអវិជ្ជមាន និងមានភាពច្បាស់លាស់»។ ការធ្វើតេស្តត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ស្ថិតនៅជាយទីក្រុងបាងកក។ នៅលើកប៉ាល់ Westerdam មានអ្នកទេសចរថៃ ០២នាក់ និងអ្នកបម្រើការងារ ១៩នាក់ ប៉ុន្តែអ្នកបម្រើការងារទាំងអស់ គឺស្ថិតនៅលើនាវានោះនៅឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះចំនួនមនុស្សដែលបានឆ្លងវីរុស COVID-19 នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៣៥ករណីហើយ ក្រោយស្ត្រីជនជាតិចិនម្នាក់អាយុ ៦០ឆ្នាំ ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសនេះ។
សូមជំរាបថា ក្នុងចំណោមការឆ្លងវីរុសកូរ៉ូណាថ្មី នៅថៃ ទាំង ៣៥ករណីចាប់តាំងពីខែមករាមកនោះ អ្នកជាសះស្បើយពីជំងឺ ១៥នាក់ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕