(អ.ស.ហ)៖ អគ្គលេខធិការនៃអង្គការសហរប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានបង្ហាញពីភាពជឿជាក់លើសមត្ថិភាពរបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី ដែលត្រូវបានគេស្គាល់ជាផ្លូវការថា COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ច ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០។

«វិធានការដែលបានដាក់ចេញដោយអជ្ញាធរប៉េកាំង គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមហិមា ហើយយើងគឺជឿជាក់យ៉ាងមុតមាំ ចំពោះកិច្ចខិតខំប្រឹងប្រែងនេះថា នឹងជួយឲ្យករណីឆ្លងនៃវីរុសនេះថយចុះជាបន្តបន្ទាប់ជាមិនខាន»។ នេះជាការលើកឡើងរបស់លោក Antonio Guterres ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក ហ្សាហ៍ ម៉ាហ៍មូដ គូរែស៊ី (Shah Mahmood Qureshi)។

ជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ផងដែរថា វាតែងតែជារឿងពិបាកបំផុត ក្នុងការដោះស្រាយឲ្យបានលឿនចំពោះបញ្ហាជំងឺឆ្លងបែបនេះ ប៉ុន្តែសម្រាប់ប្រទេសចិនបានធ្វើការឆ្លើយតបយ៉ាងខ្លាំង និងគួរឲ្យចាប់អារម្មណ៍បំផុត។ អាជ្ញាធរបានបញ្ជាក់នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់ ១,៧៧០នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧០,០០០នាក់។

គួរបញ្ជាក់ថា មន្ត្រីពេទ្យយោធាចិនសរុប ១,២០០នាក់បន្ថែមទៀតត្រូវបានបញ្ជូន និងធ្វើដំណើរទៅដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ហើយ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ខណៈបុគ្គលិកពេទ្យរាប់ម៉ឺននាក់កំពុងស្ថិតនៅទីនោះស្រាប់។ ដោយឡែកក្រុមជំនាញអន្តរជាតិ ដឹកនាំដោយអង្គការ សុខភាពពិភពលោក WHO ក៏បានទៅដល់រដ្ឋធានីប៉េកាំង នៃប្រទេសចិនផងដែរ ដើម្បីចាប់ផ្តើមសហការការងារជាមួយក្រុមជំនាញចិន ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី ឬ COVID-19។ តួនាទីរបស់ក្រុមជំនាញអន្តរជាតិ WHO មកកាន់ចិនពេលនេះ គឺពួកគេនឹងធ្វើការប្រឹក្សាយោបល់ ទៅលើវិធីសាស្ត្រក្នុងការការពារ និងគ្រប់គ្រងការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសចិន និងទូទាំងសកលលោកទាំងមូល៕