(តៃប៉ិ)៖ បុរសម្នាក់នៅតៃវ៉ាន់បានបាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 ខណៈវាជាករណីស្លាប់ដំបូងនៅលើកោះនេះ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់ លោក Chen Shih-chung ក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងនាថ្ងៃអាទិត្យនេះ បានប្រកាសថា បុរសជាអ្នកជំងឺនោះ មានវ័យខ្ទង់៦០ឆ្នាំ ហើយមិនធ្លាប់ធ្វើដំណើរចេញពីលើកោះតៃវ៉ាន់កំឡុងពេលថ្មីៗនេះឡើយ ប៉ុន្តែគាត់មាន ជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺថ្លើមប្រភេទ B ជាប់ខ្លួនស្រាប់។
គួរជម្រាបថា នៅកោះតៃវ៉ាន់មានករណីអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន២០ករណី។ ក្រៅពីកោះតៃវ៉ាន់ ករណីអ្នកជំងឺ COVID-19 ដែលបានស្លាប់នៅក្រៅដែនដីចិនដីគោក (មិនរាប់ហុងកុង ម៉ាកាវ តៃវ៉ាន់) រួមមាន១ករណីនៅហុងកុង ១ករណីនៅហ្វីលីពីន ១ករណីនៅជប៉ុន និង១ករណីនៅបារាំង ខណៈចំនួនអ្នកជំងឺដែលស្លាប់ក្នុងដែនដីចិនដីគោក គឺ១,៦៦៥នាក់៕