(យេម៉ែន)៖ ការិយាល័យរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសយេម៉ែន នាថ្ងៃអាទិត្យនេះបានឲ្យដឹងថា ជនស៉ីវិលស្លូតត្រង់ យ៉ាងតិច៣១នាក់បានបាត់បង់ជីវិត ដោយសារការវាយប្រហារតាម ផ្លូវអាកាសកាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
ការវាយប្រហារខាងលើបានកើតឡើងនៅតំបន់ Al-Hayjah ក្នុងខេត្ត Al-Jawf របស់យេម៉ែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមឧទ្ទាម Houthi។ ក្រៅពីមានអ្នកស្លាប់ ក៏មានមនុស្ស១២នាក់ទៀតរងរបួសផងដែរ។ ក្រុមឧទ្ទាម Houthi បានចោទប្រកាន់ថា ការវាយប្រហារតាមផ្លូវអាកាសនេះ ធ្វើឡើងដោយក្រុមយោធាចម្រុះរបស់អារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ជាការសងសឹក ចំពោះការបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿង កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅខេត្ត Al-Jawf។ ប៉ុន្តែខាងយោធាចម្រុះអារ៉ាប់ បានអះអាង ពិតមានយន្តហោះចម្បាំងធ្លាក់នៅខេត្ត Al-Jawf មែន ប៉ុន្តែមិនបានបញ្ជាក់ថា វាធ្លាក់ដោយគេបាញ់ឬយ៉ាងឡើយ។
គួរជម្រាបថា កាលពីឆ្នាំ២០១៥ អារ៉ាប៊ីសាអូឌីតបានដឹកនាំកម្លាំងយោធាចម្រុះអារ៉ាប់ ចូលធ្វើអន្តរាគមន៍នៅយេម៉ែន បន្ទាប់ពីក្រុម ឧទ្ទាម Houthi បានផ្តួលរំលំរដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិ នៅរដ្ឋធានី Sanaa នៅឆ្នាំ២០១៤។ យ៉ាងណាមិញ សង្រ្គាមនេះ ភាគច្រើនត្រូវគេមើលឃើញថា ជាសង្រ្គាមដោយប្រយោលរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ ដែលជាអ្នកគាំទ្រពួក Houthi៕