(កាត្មាន់ឌូ)៖ នាថ្ងៃអាទិត្យនេះ នេប៉ាល់បានជម្លៀសពលរដ្ឋខ្លួនចំនួន១៧៥នាក់ ចេញពីទីក្រុង Wuhan របស់ប្រទេសចិន ដែលជា ចំណុចកណ្តាលនៃ ការរីករាលដាលជំងឺ COVID-19 ក្រោយពីឪពុក-ម្តាយនៃនិស្សិតដែលសិក្សានៅ Wuhan បាននាំគ្នាធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលនេប៉ាល់ នាំកូនៗពួកគេយកមកមាតុភូមិវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងសុខាភិបាលប្រទេសនេប៉ាល់បានឲ្យដឹងថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិនេប៉ាល់ Nepal Airlines ដែលដឹកបុរស១៣៤នាក់ និងស្រ្តី៤១នាក់ ភាគច្រើនជានិស្សិតនោះ បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងរដ្ឋធានី Kathmandu កាលពីមុនព្រឹកព្រលឹមថ្ងៃអាទិត្យនេះ។ ពួកគេទាំងអស់នឹងត្រូវដាក់ឲ្យស្ថិតនៅកន្លែងតាមដាន ពិសេសមួយ នៅក្រុង Bhaktapur សម្រាប់រយៈពេល២សប្តាហ៍។
គួរជម្រាបថា កន្លងទៅនេះ ឪពុក-ម្តាយនិស្សិតនេប៉ាល់ដែលទៅសិក្សានៅទីក្រុង Wuhan បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅមុខក្រសួង សុខាភិបាលនេប៉ាល់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលរៀបចំជម្លៀសនិស្សិតទាំងអស់នោះ យកមកកាន់ប្រទេសនេប៉ាល់វិញឲ្យបានឆាប់ ជាងការគ្រោង ទុក។ នៅក្នុងប្រទេសនេប៉ាល់ មានអ្នកឆ្លងជំងឺ COVID-19 តែមួយករណីប៉ុណ្ណោះ គិតមកទល់ពេលនេះ៕