(តូក្យូ)៖ រដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក Kato Katsunobu នាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន៧០នាក់បន្ថែមទៀត នៅលើកប៉ាល់ទេសចរណ៍ខ្នាតធំ Diamond Princess ដែលកំពុងស្ថិតក្នុងទីក្រុង Yokohama។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Japan Times នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រការនេះបានធ្វើឲ្យចំនួនករណីអ្នកឆ្លងវីរុសសរុបនៅលើកប៉ាល់ Diamond Princess កើនដល់៣៥៥នាក់។ គិតមកទល់ពេលនេះ គឺវាមានរយៈពេលជិតពីរសប្តាហ៍ហើយ ចាប់តាំងតែពីកប៉ាល់ទេសចរណ៍ដ៏ធំមួយនេះ ដែលឥឡូវមានផ្ទុកមនុស្ស៣,៤០០នាក់ ត្រូវបានដាក់ឲ្យស្ថិតក្រោមការតាមដាននៅក្បែរកំពង់ផែទីក្រុង Yokohama របស់ជប៉ុន ក្រោយពីអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុង ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា ឆ្លងវីរុស COVID-19។
គួរជម្រាបថា ពីដំបូងឡើយក្រសួងសុខាភិបាលជប៉ុន បានគ្រោងនឹងទុកអ្នកដំណើរព្រមទាំងបុគ្គលិកកប៉ាល់ទាំងអស់ ឲ្យបន្តនៅលើ នោះរហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ ដែលជាពេលការតាមដានត្រូវផុតកំណត់ ប៉ុន្តែក្រសួងក៏បានសម្រេចឲ្យអ្នកដំណើរអាយុចាប់ពី៨០ឆ្នាំ ឡើងទៅ ព្រមទាំងអ្នករួមដំណើរជាមួយពួកគេ ចាកចេញពីលើកប៉ាល់មុនថ្ងៃកំណត់បាន ក្រោយការធ្វើតេស្តរកវីរុសដោយត្រឹមត្រូវ៕