(សិង្ហបុរី)៖ បុរសវ័យ ២៨ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទឆបោកបុរសម្នាក់ទៀត ឲ្យបង់ប្រាក់ចំនួន ១៧៥.០០០ដុល្លារសិង្ហបុរី (១២៥,៧៤១ដុល្លារអាមេរិក) ជាប្រាក់កក់ សម្រាប់ការទិញម៉ាសចំនួន ៥០០កេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចុះនារសៀលថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមប៉ូលីសសិង្ហបុរី បុរសម្នាក់បានអះអាងថា ខ្លួនបានចាញ់បោកអ្នកលក់តាម Online ដែលបានផ្សព្វផ្សាយលក់ម៉ាសនៅលើគេហទំព័រមួយមានឈ្មោះថា ខារួស៊ែល (Carousell)។ ជនរងគ្រោះបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះថា ដាយីល ឈឹង ជីយ៉ុង (Daryl Cheong Zhi Yong) បានឆបោកខ្លួនអស់ទឹកប្រាក់ចំនួន ១៧៥,០០០ដុល្លារសិង្ហបុរី ដែលជាប្រាក់កក់សម្រាប់ការទិញម៉ាសចំនួន ៥០០កេស ក្នុងតម្លៃសរុប ៤០០,០០០ដុល្លារសិង្ហបុរី ប៉ុន្តែមិនបានបញ្ជូនទំនិញមកតាមការសន្យា។
ជុំវិញរឿងនេះ លោករដ្ឋអាជ្ញារងសិង្ហបុរីបាននិយាយថា «ជនសង្ស័យបានឆ្លៀតកេងយកប្រយោជន៍ពីស្ថានការណ៍បច្ចុប្បន្ន ដែលមនុស្សម្នាកំពុងតែស្វែងរកទិញម៉ាសពេទ្យ ដើម្បីការពារខ្លួនពីការឆ្លងវីរុស COVID-19 ហើយជននោះបានឆបោកប្រាក់ យ៉ាងហោចណាស់ ១៧៥.០០០ដុល្លារសិង្ហបុរី»។
សម្រាប់ជនសង្ស័យដែលត្រូវបានចាប់ខ្លួនវិញបាននិយាយថា «ខ្ញុំមិនបានបោកប្រាស់នរណាម្នាក់ទេ ខ្ញុំគ្រាន់តែជាភាគីទីបីប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែជាអ្នកផ្គត់ផ្គង់ ហើយខ្ញុំក៏ត្រូវបុរសផ្សេងទៀតបោកប្រាស់ដែរ»។
គួរជម្រាបថា ប្រសិនបើត្រូវសមត្ថកិច្ចរកឃើញថា វាពិតជាករណីឆបោកជនរងគ្រោះមែននោះ លោក Cheong នឹងត្រូវប្រឈមមុខការជាប់ពន្ធនាគារយ៉ាងតិច ១០ឆ្នាំ ព្រមទាំងពិន័យជាប្រាក់មួយចំនួនថែមទៀត៕