(គែរ)៖ ក្រសួងសុខាភិបាលអេហ្ស៊ីប បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនហើយ ដែលនេះគឺជាករណីឆ្លងដំបូងគេបំផុតនៅក្នុងទ្វីបអាហ្វ្រិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងសុខាភិបាលអេហ្ស៊ីបបានបញ្ជាក់ថា អ្នកជំងឺ COVID-19 ខាងលើមិនមែនជាជនជាតិអេហ្ស៊ីបនោះទេ តែអាជ្ញាធរក៏មិនបានបញ្ជាក់ថា ជាពលរដ្ឋនៃប្រទេសណាដែរ។ ទោះបីជាបែបនេះក្តី អាជ្ញាធរកំពុងចាត់វិធានការនានា ដើម្បីត្រួតពិនិត្យ និងតាមដានអ្នកជំងឺរូបនេះ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពនឹងនរ។ បន្ថែមពីខាងលើ អាជ្ញាធរអេហ្ស៊ីបក៏បានជូនដំណឹង ដល់អង្គការសុខភាពពិភពលោក (WHO) ផងដែរថា អ្នកជំងឺត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេឯង នៅក្នុងមន្ទីរពេទ្យមួយកន្លែង។

គួរជម្រាបថា កាលពីដើមខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលអេហ្ស៊ីបបានសម្រេចផ្អាក រាល់ជើងហោះហើរទាំងអស់ ទៅកាន់ប្រទេសចិន ហើយការផ្អាកជាបណ្ដោះអាសន្ននេះ នឹងមានសុពលភាពរហូតដល់ចុងខែកុម្ភៈនេះ៕