(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលចិន បានឲ្យដឹងនាព្រឹកថ្ងៃសៅរ៍នេះថា ករណីឆ្លងវីរុស COVID-19 ឬកូរ៉ូណាថ្មីនៅតំបន់នានាក្រៅពីខេត្តហ៊ូប៉ី (Hubei) មានចំនួនថមថយជាប់ៗគ្នា នារយៈពេល១១ថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមទិន្នន័យផ្លូវការរបស់អាជ្ញាធរចិនឲ្យដឹងថា ករណីឆ្លងថ្មីៗនៃវីរុស COVID-19 នៅតាមបណ្តាខេត្ត និងតំបន់ស្វយ័តក្រៅពីខេត្តហ៊ូប៉ី ដែលជាចំណុចស្នូលនៃការផ្ទុះនោះ មានចំនួនត្រឹមតែ២២១ករណីប៉ុណ្ណោះ កាលពីថ្ងៃសុក្រម្សិលមិញ ខណៈចំនួនអ្នកឆ្លងថ្មីនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ពេញមួយថ្ងៃសុក្រដដែលមានចំនួន២,៦៤១ករណី ក្នុងនោះ២,៤២០ករណីនៅខេត្តហ៊ូប៉ី។
គួរជម្រាបជូនថា បើតាមតួរលេខចុងក្រោយដែលបានផ្តល់ដោយ គណៈកម្មការសុខាភិបាលចិន នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈនេះ ចំនួនសរុបនៃអ្នមនុស្សស្លាប់ដោយសារវីរុស COVID-19 បានកើនឡើងដល់១,៥១៩នាក់ ខណៈ៦៦.៤៩២នាក់ផ្សេងទៀតបានឆ្លងនៅទូទាំងប្រទេស៕