(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ៦,៧២៣នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សចំនួន ១,០៨១នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ៦,៧២៣នាក់ដូចខាងលើ។
គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ជិត ១,៤០០នាក់ ខណៈ ៦៣,៨៥១នាក់ឆ្លងនៅក្នុងខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ ក្រុមជំនាញវេជ្ជសាស្ត្រ ថ្នាំសង្កូវ និងគ្រឿងបរិក្ខាពេទ្យជាច្រើនទៀត ត្រូវបានដឹកជញ្ជូនបន្ថែមទៀតទៅខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុស COVID-19៕