(ហាណូយ)៖ អាជ្ញាធរទីក្រុងហាណូយ នៃប្រទេសវៀតណាមបានរកឃើញថា ក្រុមហ៊ុនមួយបានយកក្រដាសសម្រាប់ប្រើក្នុងបង្គន់អនាម័យ ទៅផលិតចេញម៉ាស ខណៈតម្រូវការកំពុងកើនឡើង នៅក្នុងបរិបទដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី COVID-19។ នេះបើតាមការដកស្រង់ ការផ្សាយពីសារព័ត៌មាន Vn Express នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រោយការចុះស៊ើបអង្កេត អាជ្ញាធរវៀតណាម បានរកឃើញក្រដាសបង្គន់អនាម័យរាប់សិបដុំ នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន វៀត ហាន (Viet Han Company Ltd) ស្ថិតនៅក្នុងតំបន់ ធួងទីន (Thuong Tin) នៃទីក្រុងហាណូយ កាលពីថ្ងៃពុធកន្លងទៅ ហើយក្រដាសទាំងនេះត្រូវបានគេប្រើប្រាស់ ដើម្បីជំនួសស្រទាប់ប្រឆាំងបាក់តេរី ដែលមាននៅក្នុងម៉ាស។
ជុំវិញបញ្ហាខាងលើនេះ លោក ហ័ង ដៃងា (Hoang Dai Nghia) ដែលជាប្រធានក្រុមទីមួយ ប្រចាំនាយកដ្ឋានឃ្លាំមើលប្រចាំផ្សារក្នុងទីក្រុងហាណូយ បានគូសបញ្ជាក់ដូច្នេះថា «ក្រុមហ៊ុននេះកំពុងបោកប្រាស់អតិថិជនរបស់ខ្លួន ចំពេលមានការព្រួយបារម្ភពីការរីករាលដាលវីរុសកូរ៉ូណា (COVID-19)»។ លោកបានបន្ថែមថា សម្ភារៈជាច្រើនត្រូវបានរឹបអូសហើយអាជ្ញាធរកំពុងពិចារណា ដាក់ពិន័យយ៉ាងធ្ងន់ធ្ងរលើក្រុមហ៊ុនខាងលើ។
គួរបញ្ជាក់ថា ការរកឃើញក្រុមហ៊ុន Viet Han Company Ltd បានយកក្រដាសបង្គន់អនាម័យទៅផលិតជាម៉ាស បានកើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អាជ្ញាធរវៀតណាម បានរឹបអូសម៉ាសគួរឱ្យសង្ស័យចំនួន ១៤០,០០០សន្លឹកដើម្បីតាមរកប្រភពផលិត។ ជាធម្មតាស្រទាប់ប្រឆាំងបាក់តេរី ដែលគេយកមកផលិតជាម៉ាស ត្រូវបាននាំចូលពីប្រទេសចិន តែដោយសារតម្រូវការកើនឡើង និងការរីករាលដាលនៃវីរុសកូរ៉ូណា វាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់៕