(រ៉ាឃីន)៖ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិមីយ៉ាន់ម៉ាបានឲ្យដឹងថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សិស្សសាលានៅខេត្តរ៉ាឃីនចំនួន ២០នាក់បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍បាញ់គ្រាប់ផ្លោងមួយ ពីសំណាក់សមាជិកនៃក្រុមប្រដាប់អាវុធអារ៉ាខាន់ (Arakan Army) ដែលត្រូវបានគេស្គាល់ថា ជាក្រុមបះបោរមួយក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
ហេតុការណ៍ខាងលើ កើតឡើងនៅពេលដែលសមាជិកក្រុមឧទ្ទាមអារ៉ាខាន់ បានបើកការវាយប្រហារមកលើយោធាមីយ៉ាន់ម៉ាមួយកង ក្នុងកំឡុងពេលពួកគេកំពុងបើកប្រតិបត្តិការ ការពារសន្តិសុខមួយនៅស្រុក ប៊ូធីដង (Buthidaung) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នៅពេលនោះកម្លាំងសន្តិសុខ ក៏បើកប្រតិបត្តិការតបវិញ ដោយបានបង្ខំឲ្យក្រុមឧទ្ទាមនោះដកថយ ហើយក្នុងអំឡុងពេល នៃការកដថយរបស់ពួកគេនោះហើយ ដែលពួកគេបានបាញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ ក្នុងនោះមួយគ្រាប់បានធ្លាក់ចំលើសាលាបឋមសិក្សាមួយកន្លែង និងបង្កឲ្យសិស្សសាលាជាច្រើននាក់រងរបួស ខណៈដែលពួកគេកំពុងរត់លេងនៅក្នុងទីធ្លាសាលា។
សិស្ស ០៥នាក់ដែលរបួសធ្ងន់ក្នុងចំណោមសិស្សរងរបួសទាំងអស់ ២០នាក់ត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យមួយកន្លែងនៅក្បែរៗនោះ ខណៈអ្នករបួសផ្សេងទៀត ត្រូវបានដាក់ឲ្យព្យាបាលនៅគ្លីនិកក្នុងជំរុំយោធា។
គួរជម្រាប់ថា អារ៉ាខាន់គឺជាក្រុមឧទ្ទាមប្រដាប់អាវុធមួយនៅមីយ៉ាន់ម៉ា ដែលប្រយុទ្ធដើម្បីសិទ្ធិរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាង។ ក្រុមនេះតែងតែប៉ះទង្គិចជាមួយយោធាមីយ៉ាន់ម៉ាជារឿយៗ ខណៈរដ្ឋាភិបាលមីយ៉ាន់ម៉ាបានកំណត់ទុករួចមកហើយថា អារ៉ាខាន់ជាក្រុមភេរវកម្ម៕