(ភូកេត)៖ ក្រុមអ្នកដំណើរ និងអ្នកបម្រើការងារទាំងអស់សរុបជាង ៤,០០០នាក់នៅកប៉ាល់ធំៗពីរគ្រឿង ត្រូវបានអាជ្ញាធរថៃអនុញ្ញាតឱ្យចូលចតនៅកំពង់ផែកោះ ភូកេត (Phuket) ស្ថិតនៅភាគខាងត្បូងប្រទេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលអះអាងថា គ្មានមនុស្សណាម្នាក់ផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ឬកូរ៉ូណាថ្មីឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
កប៉ាល់ ស៊ីប៊ន អូវេសិន (Seabourn Ovation) ដោតទង់ជាតិប្រទេសប៉ាហាម៉ាស់ (Bahamas) ដែលដឹកអ្នកដំណើរ ៤៩៥នាក់ និងបុគ្គលិក ៤៧០នាក់ធ្វើដំណើរចេញពីកោះ ឡាំងកាវី (Langkawi) ប្រទេសម៉ាឡេស៊ីបានចូលចតនៅឯកំពង់ផែ Phuket របស់ថៃ។ អ្នកដំណើរនៅលើកប៉ាល់ភាគច្រើនជាពលរដ្ឋអឺរ៉ុប ត្រូវបានត្រួតពិនិត្យសុខភាព ដោយក្រុមមន្ត្រីសុខាភិបាលថៃមុននឹងអនុញ្ញាតឱ្យចូលចត ហើយកប៉ាល់ Seabourn Ovation នឹងបន្តចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីនាប៉ុន្មានថ្ងៃទៀត។
ចំណែកឯកប៉ាល់មួយគ្រឿងទៀត ក្វាន់ថុម អូហ្វ ដឺ ស៊ី (Quantum of the Seas) ដែលមានផ្ទុកអ្នកដំណើរ និងនាវិកសរុប ៣,១០០នាក់បានចូលចតនៅកំពង់ផែ Phuket ដោយមិនមាននរណាម្នាក់ត្រូវបានគេរកឃើញថា ឆ្លងវីរុសកូរ៉ូណានោះទេ ហើយបន្ទាប់មកទៀត កប៉ាល់នេះក៏នឹងបន្តដំណើរទៅប្រទេសសិង្ហបុរីដូចគ្នាដែរ។
ប៉ុន្តែទន្ទឹមគ្នា ការអនុញ្ញាតរបស់ថៃឱ្យកប៉ាល់ទាំងពីរចូលចតបានបង្កឱ្យមានការរិះគន់ជាច្រើន នៅក្នុងចំណោមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមថា «ជាការអនុវត្តស្ដង់ដាពីរ» បន្ទាប់ពីទីក្រុងបាងកកបានបដិសេធកប៉ាល់ វែស្ទឺរដាម (Westerdam) មិនឲ្យចូលចតនៅកំពង់ផែរបស់ខ្លួន ដោយសារតែព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណា។ នេះបើតាមការបញ្ជាក់ក្នុងសារព័ត៌មានថៃ Bangkok Post។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះសារព័ត៌មានថៃ Thai PBS World បានដកស្រង់សារ បង្ហោះដោយគ្រូបង្រៀនផ្នែកសេដ្ឋកិច្ចមួយរូបឈ្មោះ ភីធី ស្រីសាអេងណាម (Piti Srisaengnam) ប្រចាំនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ដ៏ល្បីល្បាញរបស់ប្រទេសថៃ ដែលបានលើកឡើងថា ថៃបានបោះបង់ចោលឱកាសល្អបំផុត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនជាប្រទេសមានមនុស្សធម៌។
លោក Piti Srisaengnam បានពន្យល់ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឲ្យនាវាទេសចរណ៍ (Westerdam) ចូលចតនៅកំពង់ផែឡេមឆាបាង (Laem Chabang) ក្នុងខេត្តឈុនបុរី (Chon Buri) នោះគឺជាទង្វើ «សាហាវនិងអមនុស្សធម៌»។
លោកគ្រូ Piti Srisaengnam បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ចូរអ្នកព្យាយាមស្រម៉ៃមើលថា តើមនុស្សម្នានៅលើនាវានោះអស់សង្ឃឹមដូចម្តេចទៅ បន្ទាប់ពីនាវាពួកគេស្ថិតនៅលើសមុទ្រ រយៈពេលជាង ២០ថ្ងៃទៅហើយនោះ។ នៅពេលវាជាបញ្ហាផ្នែកមនុស្សធម៌ យើងត្រូវជួយដល់អ្នកមានទុក្ខលំបាក ដោយមិនត្រូវបណ្តេញពួកគេចេញទៅវិញទេ។ ហេតុអ្វីមិនជ្រើសរើសយកជម្រើសមនុស្សធម៌ ដើម្បីមនុស្សដែលកំពុងជួបទុក្ខលំបាក? ប្រសិនបើពួកគេអាចមកដល់ច្រាំង តើពួកគេនឹងរំភើបបែបណាចំពោះប្រទេសថៃ? ពួកគេនឹងចងចាំថៃជារៀងរហូត ពីព្រោះយើងបានមើលថែពួកគេ នៅពេលពួកគេជួបការលំបាក។ យើងអាចក្លាយជាមិត្តពិតប្រាកដរបស់ពួកគេ។ ប៉ុន្តែជាអកុសលយើងយឺតពេលហើយ ព្រោះយើងបានបោះចោលឱកាសនោះចូលទៅក្នុងសមុទ្រ។ មនុស្សគឺជាសត្វលោកដែលមានអរិយធម៌ ពីព្រោះយើងដឹងពីរបៀបជួយគ្នាទៅវិញទៅមក»៕