(ប៉េកាំង)៖ ក្រោមការបង្គាប់បញ្ជារបស់គណៈកម្មាធិការយោធាមជ្ឈិមចិន យន្តហោះដឹកជញ្ជូន ១១គ្រឿងរបស់កងទ័ពអាកាសនៃកងទ័ពរំដោះជាតិចិន បានដឹកជញ្ជូនពេទ្យយោធា និងបរិក្ខាពេទ្យជាច្រើនបន្ថែមទៀត ទៅកាន់ទីក្រុងវូហាន (Wuhan) ខេត្តហ៊ូប៉ី (Hubei) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ដែលជាចំនុចកណ្តាលនៃការផ្ទុះវីរុសនេះ។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
វាជាលើកទីមួយហើយសម្រាប់យន្តហោះដឹកទំនិញធុនធ្ងន់ Y-20 ដែលផលិតក្នុងស្រុក ត្រូវបានគេបញ្ជូនឲ្យចូលរួមក្នុងសកម្មភាពមិនមែនយោធាបែបនេះ ហើយវាក៏ជាលើកទីមួយដែរសម្រាប់កងទ័ពអាកាសចិន ក្នុងការបញ្ជូនយន្តហោះដឹកជញ្ជូនខ្នាតធំ និងមធ្យមរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាបន្ទាន់ដូច្នេះ។
ជុំវិញរឿងនេះលោក ទូ ប៉ាវលីន (Du Baolin) ដែលជាមេបញ្ជាការ នៃកងអនុសេនាធំទ័ពអាកាសបានយល់ឃើញថា សកម្មភាពបែបនេះវាជាការធ្វើតេស្តជាក់ស្តែងមួយ ចំពោះសម្ថភាព និងយុទ្ធសាស្ត្ររបស់កងទ័ពអាកាសចិនក្នុងការដឹកជញ្ជូនរបស់ខ្លួន។
គួរជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី ដែលមានឈ្មោះផ្លូវការថា COVID-19 កងទ័ពអាកាសចិនបានបញ្ជូនពេទ្យយោធា និងបរិក្ខាពេទ្យជាច្រើនលើកច្រើនសារ ទៅកាន់កន្លែងដែលបានរងការវាយប្រហារដោយសារវីរុសនេះ។ ខណៈកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងនៅខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាលនៃការរីករាលដាល ក៏ត្រូវបានចូលរួមក្នុងការដឹកជញ្ជូនបរិក្ខាពេទ្យ និងរបស់ប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ៕