(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងថា ប្រទេសចិនពិតជាអាចកាត់បន្ថយ ផលប៉ះពាល់ដោយសារវីរុសកូរ៉ូណាថ្មី (COVID-19) ហើយនិងនៅតែសម្រេចបានសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចទៅតាមផែនការ។ នេះបើតាមការចេញផ្សាយដោយ CNA ដកស្រង់ពីសារព័ត៌មានរដ្ឋចិន នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
ការថ្លែងរបស់លោក ស៊ី ជិនពីង ត្រូវបានធ្វើឡើងនៅពេលលោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) ជួបសន្ទនាគ្នាតាមទូរស័ព្ទ ស្តីអំពីស្ថានការណ៍ទូទៅនៃការរីករាលដាលវីរុស COVID-19 និងផលប៉ះពាល់ចំពោះសេដ្ឋកិច្ច។ ទោះបីជាយ៉ាងក៏ដោយ លោក ស៊ី ជិនពីង បានប្រាប់លោក មហាធៀ ថាចិននឹងពុះពារសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០។
គួរបញ្ជាក់ថា ប្រទេសចិនបាននិងកំពុងខិតខំយ៉ាងខ្លាំង ក្នុងការប្រើប្រាស់វិធានការតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ និងព្យាបាលអ្នកឆ្លងវីរុស COVID-19 ជាពិសេសនៅក្នុងខេត្តហ៊ូប៉ី (Hubei)។ បើតាមសារព័ត៌មានរដ្ឋចិន ក្រុមអ្នកប្រឹក្សានយោបាយរបស់មហាអំណាចសេដ្ឋកិច្ចលេខ១ ប្រចាំទ្វីបអាស៊ីមួយនេះ កំពុងតែបង្កើតនូវដំណោះស្រាយមួយចំនួន ដើម្បីគាំទ្រដល់ផ្នែកសេដ្ឋកិច្ច ដែលត្រូវបានធ្វើឲ្យរាំងស្ទះដោយតែការផ្ទុះវីរុសកូរ៉ូណាថ្មី៕