(សិង្ហបុរី)៖ លោក Ezra Vogel ជាសាស្ត្រាចារ្យដ៏ល្បីម្នាក់ជំនាញខាងតំបន់អាស៊ីខាងកើត និងបានចំណាយពេលសិក្សាពីចិន និងជប៉ុន អស់រយៈពេលជាង ៦ទសវត្សរ បាននិយាយថា វាដល់ពេលហើយដែលទីក្រុងតូក្យូ ត្រូវនិយាយពាក្យសូមទោស ហើយចិនត្រូវអរគុណត្រឡប់វិញ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
ចាប់តាំងពីសង្រ្គាមលោកលើកទី២ ត្រូវបានបញ្ចប់មក របួស និងការឈឺចាប់ ដែលបង្កឡើងដោយទង្វើរបស់កងទ័ពជប៉ុន នៅក្នុងប្រទេសចិន មិនទាន់ជាសះស្បើយ នៅឡើយទេ ខណៈមានសំនួរជាច្រើនត្រូវបានចោទសួរថាតើ ជប៉ុន គួរតែយកគំរូសូមទោសតាមអាល្លឺម៉ង់ដែរឬទេ។ យ៉ាងណាក៏ដោយ លោក Vogel មានអាយុ ៨៩ឆ្នាំ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម មកពីសាកលវិទ្យាល័យ Harvard University យល់ថាចិននឹងមិនផ្លាស់ប្ដូរគោលនយោបាយចំពោះជប៉ុននោះទេ តែថាជប៉ុនគួរតែ សូមទោសចិន រីឯចិនគួរតែចេះអរគុណ ដោយសារតែជប៉ុន ធ្លាប់ជាអ្នកបរិច្ចាគជំនួយបរទេសដ៏ធំមួយ ទៅកាន់ចិន ក្រោយប្រទេសទាំងពីរចុះហត្ថលេខាលើសន្ធិសញ្ញា សន្តិភាព និងមិត្តភាព។
លោក Vogel បានគូសបញ្ជាក់ដូច្នេះថា៖ «ជនជាតិជប៉ុនមានអារម្មណ៍ថា...(ពួកគេ) មានសណ្ដានចិត្តល្អ ក្រោយឆ្នាំ១៩៧៨ នៅក្នុងការផ្ដល់ជំនួយឱ្យចិន ច្រើនជាងបណ្ដា ប្រទេសដទៃ ក្នុងនោះរួមមានទាំងជំនួយធម្មតា និងជំនួយបច្ចេកវិទ្យា។ ប៉ុន្តែ ចិនមិនងាយនឹងផ្លាស់ប្ដូរគោលនយោបាយ ឬគោលជំហររបស់ខ្លួនចំពោះជប៉ុននោះទេ ប៉ុន្តែ ជប៉ុនគួរតែសូមទោស រីឯចិនគួរតែនិយាយអរគុណ... ត្បិតបើជប៉ុនមិនព្រមសូមទោស ទីក្រុងប៉េកាំងនឹងរឹតតែមានហេតុផលដើម្បីបង្កបញ្ហាជាមួយជប៉ុន»។
គួរជម្រាបថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុន នៅខែមេសា ខាងមុខនេះដែលជាដំណើរទស្សនកិច្ចលើកដំបូង របស់លោក និងត្រូវបានអ្នកជំនាញដូចជា លោក Vogel យល់ថានឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងនឹងកាន់តែមានភាពល្អប្រសើរឡើង៕